ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នេះ ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ព្រែកប្រា ដឹកនាំដោយ លោក ហួរ ហួត ប្រធានក្រុម និងមានការអញ្ជើញចូលរួមជាកិត្តិយសពីលោក គ្រួច សាមឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ អញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ រួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងបច្ច័យចំនួន ១,០០០,០០០រៀលពី ព្រះទេពសត្ថា សៅរ៍ មុនី ព្រះអនុគុណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត ស្ថិតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ក្នុងឱកាសនោះ ព្រះទេពសត្ថា បានមានព្រះថេរដីកាគាំទ្រ និងមានទឹកព្រះទ័យរីករាយក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
ជាកិច្ចឆ្លើយតប លោកប្រធានក្រុម បានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះទេពសត្ថា សៅរ៍ មុនី ព្រមទាំងបានសន្យានឹងចាត់ចែង ប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម៕
ដោយ៖ សីលា