ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចប្រចាំយាម ការពារកន្លែងអភិរក្សជលផល (អតីតឡូត៍នេសាទលេខ៦) ឃាត់ខ្លួនអ្នកនេសាទជនជាតិវៀតណាមម្នាក់ ខណៈអ្នកនេសាទរូបនេះ ចូលធ្វើសកម្មភាពនេសាទត្រីក្នុងតំបន់ហាមឃាត់ ។
ករណីនេះអនុវត្តឡើងកាលពីវេលាម៉ោង០០និង១៧នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ នៅក្នុងកន្លែងអភិរក្សជលផល (អតីតឡូត៍នេសាទលេខ៦) ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំទិល ស្រុកកន្តៀង ខេត្តពោធិ៍សាត់ ។
លោក ធុន វណ្ណា នាយសង្កាត់រដ្ឋបាលជលផលកន្តៀង បានឲ្យដឹងថា ជនសង្ស័យនេសាទត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះអ៊ុក យ៉ាំងផាង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិកោះកែវ ឃុំរាំទិល ស្រុកកន្តៀង ខេត្តពោធិ៍សាត់។
លោកនាយសង្កាត់បន្តថា ក្នុងការឃាត់ខ្លួនអ្នកនេសាទខាងលើនេះ សមត្ថកិច្ចបានដក់ហូតវត្ថុតាង អួនអូសដៃចំនួនមួយវង់ដែលមានប្រវែង៨០ម៉ែត្រ ហ្វុយជ័រមួយចំហៀង សម្រាប់ដាក់សាច់អួន យកទៅរក្សាទុក្ខនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកន្តៀង ។
លោកបន្តទៀតថា ចំពោះជនសង្ស័យបានបំពេញសំណុំបែបបទ ហើយបញ្ជូនខ្លួនទៅខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដើម្បីបន្តតាមនិតិវិធី ៕
ដោយ៖ ប៉ឹម ពិន
...