ភ្នំពេញ ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧ និង១០នាទីយប់ថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៦នៅចំណតរថយន្តក្រុងខ្សែទី១ (ចំណតទី៤៦) ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបន្ទាប់ពីមានស្ត្រីបែកថ្នាំម្នាក់ត្រូវប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរតាមផ្លូវនាំគ្នាចាប់ចងទុក ខណៈដែលគាត់ស្រែកជេរគេជេរឯងពេញផ្លូវ ហើយបានយកដុំថ្មគប់ទៅលើរថយន្ត ដែលគេធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យបែកកញ្ចក់អស់ចំនួន៤គ្រឿង។
សាក្សីឲ្យដឹងថាស្ត្រីរូបនេះមានវ័យជាង៣០ឆ្នាំ ប៉ុន្តែមិនដឹងថាមានផ្ទះសម្បែង និងសាច់ញាតិ នៅឯណាទេ ។ មុនពេលកើតហេតុ គេឃើញស្រី្តរូបនេះមកឈរនៅមុខចំណតរង់ចាំរថយន្តក្រុង ហើយស្រែកជេរគេឯង ពាសពេញផ្លូវ និងបានយកដុំថ្មគប់ទៅលើរថយន្តរបស់គេដែលធ្វើដំណើរតាមផ្លូវ បណ្ដាលឱ្យបែកកញ្ចក់ និងក្រពិតចំនួន៤គ្រឿង សុទ្ធតែរថយន្ត ស៊េរីទំនើបទៀតផង។ ពេលនោះដែរ ម្ចាស់រថយន្តដែលរងការខូចខាតបានខឹងសម្បាយ៉ាងខ្លាំងក៍បានចុះពីលើរថយន្តបម្រុង សួរនាំ តែឃើញស្រ្តីរូបនេះនិយាយជេរគេឯង លេងដឹងអ្វីនោះទើបពួកគាត់នាំគ្នាបើករថយន្តចេញបាត់អស់ទាំងហួសចិត្ត ។