ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំង នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្លន់ ០៣នាក់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
ជនសង្ស័យ០៣នាក់ ដែលត្រូវបានឃាត់ខ្លួន បន្តនីតិវិធី មានឈ្មោះ ៖ ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកបាស ខេត្តតាកែវ។ ទី២ ឈ្មោះ អែល ហិល ភេទប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ និងទី៣ ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា កម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្មកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចឃាត់មនុស្សសរុប០៧នាក់ ប៉ុន្តែក្នុងនោះរកឃើញ មានតែ០៣នាក់ប៉ុណ្ណោះ មានជាប់ពាក់ព័ន្ធ ដោយឡែក ០៤នាក់ទៀត ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញ ។
គួររំលឹកថា កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនឹង ករណី កាច់.ក ម៉ូតូ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ ហើយឃាត់ខ្លួនបាននៅភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ និង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០២គ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបអង្កេតនៅឡើយ៕ ដោយ រ៉ារ៉ា