ការប្រកួតជម្រុះក្នុងវគ្គ១៦ក្រុមចុងក្រោយបានបញ្ចប់៤ប្រកួតរួចទៅហើយ ដោយរកឃើញក្រុមឡើងខ្លាំងៗឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដូចជាអាហ្សង់ទីនប៉ះហុល្លង់ និងអង់គ្លេសប៉ះបារាំងជាដើម ខណៈដែលនៅសល់៤ក្រុមទៀតនឹងត្រូវប្រជែងគ្នាដើម្បីស្វែងរកកៅអីទៅកាន់វគ្គ៨ក្រុមដែរ។
សម្រាប់ការប្រកួតនៅរាត្រីនេះក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ នឹងត្រូវប៉ះក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង១០យប់ថ្ងៃទី៦ខែធ្នូនេះ។ ក្រុមទាំង២សុទ្ធតែទទួលបានជ័យជម្នះក្នុងវគ្គជម្រុះតាមពូល ដោយអេស្ប៉ាញបានឈរលេខ២ក្នុងពូល E ខណៈម៉ារ៉ុកឈរលេខ១ក្នុងពូល F ។
ម៉ារ៉ុកបានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន៦ដងចាប់តាំងពីឆ្នាំ១៩៧០ ដោយធ្លាប់ឡើងដល់វគ្គ១៦ក្រុមចុងក្រោយបានម្តងគត់លពីឆ្នាំ១៩៨៦។ ក្រៅពី World Cup ម៉ារ៉ុកធ្លាប់គ្រងជើងឯកពានរង្វាន់ Africa Cup of Nations បានម្តងកាលពី១៩៧៦, ឈ្នះពានរង្វាន់ Arab Cup ម្តង (២០១២) និងធ្លាប់ឈ្នះពានរង្វាន់ African Nations Championship ២កាលពីឆ្នាំ២០១៨ និងឆ្នាំ២០២០។
៥ប្រកួតចុងក្រោយរបស់ក្រុមម៉ារ៉ុកធ្វើបានល្អ ដោយឈ្នះ៣ប្រកួត និងស្មើ២ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិម៉ារ៉ុកគឺ ស្មើក្រុមជម្រើសជាតិក្រូអាត ០–០ ក្នុងជំនួបជម្រុះ World Cup តាមពូល, ឈ្នះបែលហ្ស៊ិក ២–០ ក្នុងជំនួបជម្រុះ World Cup តាមពូល និងឈ្នះកាណាដា ២–១ ក្នុងជំនួបជម្រុះ World Cup តាមពូលដែរ ។
ចំណែកក្រុមជម្រើសជាតិអេស្ប៉ាញបានចូលរួមព្រឹតិ្តការណ៍ World Cup ចំនួន១៦ដងចាប់តាំងពីឆ្នាំ១៩៣៤ ដោយឈ្នះពានបានម្តងកាលពីឆ្នាំ២០១០, ទទួលបានចំណាត់ថ្នាក់លេខ៤ម្តងកាលពីឆ្នាំ១៩៥០, ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៤ដង (១៩៣៤, ១៩៨៦, ១៩៩៤, ២០០២)។ ក្រៅពី World Cup អេស្ប៉ាញធ្លាប់ឈ្នះជើងឯកយូរ៉ូ៣ដង (១៩៦៤, ២០០៨, ២០១២), ទទួលបានជើងឯករង (ចំណាត់ថ្នាក់លេខ២) ពានរង្វាន់ Nations League កាលពីឆ្នាំ២០២១ និងជើងឯករងដដែលក្នុងពានរង្វាន់ FIFA Confederation Cup កាលពីឆ្នាំ២០១៣។
៥ប្រកួតចុងក្រោយរបស់ក្រុមអេស្ប៉ាញគឺ ឈ្នះ៣ប្រកួត ស្មើ១ និងចាញ់១ប្រកួត។ ៣ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអេស្ប៉ាញគឺ ឈ្នះកូស្តារីកា ៧–០ ក្នុងជំនួបជម្រុះ World Cup តាមពូល, ស្មើជាមួយអាល្លឺម៉ង់ ១–១ ក្នុងជំនួបជម្រុះ World Cup តាមពូល និងចាញ់ជប៉ុន ២–១ ក្នុងជំនួបជម្រុះ World Cup តាមពូលដែរ ។
ប្រវត្តិជួបគ្នា១ប្រកួតសម្រាប់គូនេះគឺលទ្ធផលស្មើគ្នា២ទល់២ ក្នុងការប្រកួតជម្រុះ World Cup កាលពីខែមិថុនា ឆ្នាំ២០១៨។ការប្រកួតរាត្រីនេះត្រូវបានគេមើលឃើញថា អេស្ប៉ាញមានប្រៀបជាង ដោយសារតែប្រវត្តិក្នុង World Cup របស់អេស្ប៉ាញគឺល្អជាង និងធនធានកីឡាករក៏សម្បូរបែបដែរ ដែលភាគច្រើនលេងនៅលីកធំៗក្នុងតំបន់អឺរ៉ុប ៕ (រូបភាព ៖ soccerway.com)