ភ្នំពេញ ៖ នៅល្ងាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមុខ សញ្ញាប្លន់ប្រដាប់អាវុធ៣ នាក់ ដាក់ពន្ធពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.លួចមានស្ថានទម្ងន់ទោស (ប្លន់) ។
ជនត្រូវចោទ ៣នាក់ មានឈ្មោះ ៖ ទី១ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពុនសាង ស្រុកព្រៃកបាស ខេត្តតាកែវ។ ទី២ ឈ្មោះ អែល ហិល ភេទប្រុស អាយុ២៧ឆ្នាំ មុខមិនពិតប្រាកដ ស្នាក់នៅវត្តស្ទឹងមានជ័យ មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ និងទី៣ ឈ្មោះ ជុំ វិរៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មី មូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា កម្លាំង នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្នុងការបង្ក្រាបក្រុមចោរប្លន់ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្មកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចឃាត់មនុស្សសរុប០៧នាក់ ប៉ុន្តែក្នុងនោះរកឃើញ មានតែ០៣នាក់ប៉ុណ្ណោះ មានជាប់ពាក់ព័ន្ធ ដោយឡែក ០៤នាក់ទៀត ត្រូវបានអនុញ្ញាត្តិអោយត្រឡប់ទៅផ្ទះវិញ ។
ហើយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ ដែលជាក្រុមចោរប្លន់ ០៣នាក់ ប្រដាប់អាវុធ និងកាច់.ក ម៉ូតូយ៉ាងសកម្ម នៅរាជធានីភ្នំពេញ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមច្បាប់។
គួររំលឹកថា កាលពីវេលាថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនឹង ករណី កាច់.ក ម៉ូតូ និងប្លន់ប្រដាប់អាវុធយ៉ាងសកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ០២គ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនធំផងដែរ ដូចជាស្លាកលេខម៉ូតូ សម្ភារះសម្រាប់ធ្វើសកម្មភាពកាច់.ក ម៉ូតូ និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ ។
បច្ចុប្បន្នជនត្រូវចោទទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃស ដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន៕ ដោយ រ៉ារ៉ា