ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក ចុះស្រាវជ្រាវបង្រ្កាបនិងឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់ពីរករណីផ្សេងគ្នា កាលពីរសៀលថ្ងៃទី០៦ ខែធ្នូម្សិលមិញនេះ។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ការបង្ក្រាបលើកទី១ វេលាម៉ោង១២និង១៥នាទី ត្រង់ចំណុចក្រុមទី០២ ភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ សរ ពៅ ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៨ថង់ ទម្ងន់ ៩,៧០ក្រាម
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១
-បំពង់កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១
-ថង់សម្រាប់រំលែកច្រកថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដែចំនួន ០១គ្រឿង ។
ការបង្ក្រាបលើកទី២ វេលាម៉ោង១៦និង១៥នាទី នៅចំណុចក្រុមទី០២ ភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណីទៀត និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ យ៉ាន់ វិសាល ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជាលទ្ធផលវត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៧ថង់ ទម្ងន់ ៨,២៥ក្រាម
-ថង់សម្រាប់រំលែកច្រកថ្នាំញៀន
-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ដែកកេះចំនួន ០២
-ទូរស័ព្ទដែចំនួន ០១គ្រឿង ។
បច្ចុប្បន្ន ជនសង័្សយទាំងពីរនាក់រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុកមោងឫស្សី កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី-ច្បាប់៕ដោយ៖អារុណរះ