ខេត្តកណ្តាល : នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ លោក ជា សុខនី ប្រធានប្រជាការពារស្រុកពញាឮ និងលោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានជួបប្រជុំជាមួយអស់លោកប្រធានប្រជាការពារទាំង ១១ ឃុំ ដេីម្បីស្តាប់សភាពការណ៍ សតិអារម្មណ៍របស់បងប្អូនប្រជាការពារទូទាំងស្រុក ស្តាប់នូវសំណូមពរផ្សេងៗ និងលេីកទិសដៅដេីម្បីឆ្ពោះទៅកាន់ការបោះឆ្នោតខាងមុខ ហើយទន្ទឹមនឹងនោះដែរ លោក ជា សុខនី បានផ្តល់ជូននូវថវិកា ដល់ប្រធានប្រជាការពារឃុំ និងអ្នកបានចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកា ៣០០០០រៀល ( បីមុឺនរៀល ) សរុបទាំងអស់ ៣៩មុឺនរៀល។ ឆ្លៀតឱកាសនេះ ក៏បានចុះជួបសាកសួរសុខទុក្ខប្រជាការពារមួយរូបដែលមានជំងឺនៅឃុំកំពង់ហ្លួង ដោយឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោកតាហោ ហើយ លោកអភិបាលស្រុកជួយថវិកាទិញសង្ក័សីចំនួន ២០មុឺនរៀល ផងដែរ ។
សូមបញ្ជាក់ថា, អាជ្ញាធរភូមិ-ឃុំ-ស្រុកពញាឮ ខេត្តកណ្តាល និងក្រុមការងារចុះជួយឃុំទាំង១១ បានយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន អនុវត្តតាមការណែនាំ ពី លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹកនិងឧតុនិយម ជាប្រធានក្រុមការងារចុះជួយស្រុកពញាឮ ខេត្តកណ្តាល រហូតដល់មានការគាំទ្រ ពីប្រជាពលរដ្ឋយ៉ាងខ្លាំង ៕
ដោយ : សហការី