ភ្នំពេញ ៖ បុរស២នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបេីករថយន្តស៊េរីទំនេីបមកបុកគ្នានៅស្ទុបផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ កាលពីវេលាម៉ោង ៣ និង២០នាទីទាបភ្លឺឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចស្ទុបបេកាសេ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី កែងនឹងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តម៉ាក ford ranger ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BC-1826បើកបរដោយបុរសម្នាក់ និងបុរសម្នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរចេញពីផ្លូវភ្លោះ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនក៏បានបើកឆ្លងស្តុប នៅពេលបើកឆ្លងបានដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកford Raptor ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជាBUNT6189 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត ford ranger ចំពាក់កណ្ដាលផ្នែកខាងឆ្វេងយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តford rangerប៉ើងផ្ទប់និងដើមឈើរងការខូចខាតយ៉ាងដំណំ និងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែកឯភាគីរថយន្តម៉ាកfordRaptor ក៏រងការខូចខាតយ៉ាងដំណំ ព្រមទាំងបុរសម្នាក់អ្នករួមដំណេីររងរបួសធ្ងន់ផងដែរ ។
ក្រោយកើតហេតុភ្លាមៗ បុរសពីរនាក់ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងសងខាងមិនអាចសម្របសម្រួលគ្នាបាន ទេីបសមត្ថកិច្ចសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែង រួចស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដេីម្បីរងចាំដោះស្រាយគ្នានាពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ