ភ្នំពេញ : កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយ លោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ពិភពលោក ឆ្នាំ២០២២ និងគណៈប្រតិភូសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។
សូមបញ្ជាក់ថា, លោក Argenis Angulo ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ ពិភពលោក បានកោតសរសើរចំពោះសកម្មភាពរបស់ ស.ស.យ.ក. ក្នុងការរួមចំណែកក្នុងកិច្ចការងារសង្គម ជាច្រើន និងបានថ្លែងអំណរគុណចំពោះ ស.ស.យ.ក. ដែលតែងគាំទ្រសកម្មភាពរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និង បានស្នើសុំកិច្ចសហការគាំទ្រ ពី ស.ស.យ.ក. ក្នុងការរៀបចំ JCI Asia-Pacific Conference នៅឆ្នាំ២០២៤ នៅខេត្តសៀមរាប ។
អង្គភាព សហភាព សហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ជាការឆ្លើយតប លោក ហ៊ុន ម៉ានី បានកត់សម្គាល់ចំពោះកិច្ចសហការ និងទំនាក់ទំនងល្អរវាង ស.ស.យ.ក. និងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដោយនាពេលកន្លងមកបានជួយគាំទ្រគ្នាទៅវិញទៅមកចំពោះសកម្មភាពនានាឈរលើស្មារតី និងមូលដ្ឋាននៃការទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក។ បន្ថែមពីនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកបទពិសោធន៍មួយចំនួនក្នុងការដឹកនាំកិច្ចការងារសង្គម ជាពិសេសការដឹកនាំស្ថាប័ន ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ដើម្បីឱ្យសង្គមជាតិមានភាពរីកចម្រើនជាវិជ្ជមាន ៕
ដោយ : សហការី