ភ្នំពេញ : មានករណីភាពមិនប្រក្រតីពាក់ព័ន្ធមន្ត្រីក្រុមប្រឹក្សាឃុំ សង្កាត់មួយចំនួន ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ នេះបើយោងតាមលិខិតក្រសួងមហាផ្ទៃ បានជម្រាបជូន លោក លោកស្រី អភិបាលនៃគណៈអភិបាលរាជធានី-ខេត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងមហាផ្ទៃសូមជម្រាប លោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ថា ក្នុងគោលបំណងផ្ដល់នូវកិច្ចគាំពារដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់ គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាលើកកម្ពស់សុខុមាលភាពមាតា និងទារក ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីនៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរ ការនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប័ណ្ណសមធម៌ (ក្រកម្រិត១ ឬក្រ កម្រិត២) និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលបាននិងកំពុងអនុវត្ត តាមយន្តការនៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះ រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាអ្នកតាមដាន ត្រួតពិនិត្យ និងជំរុញការអនុវត្ត ដោយមានរដ្ឋបាលឃុំ សង្កាត់ជាអ្នកអនុវត្តផ្ទាល់។ រយៈពេលជាងពីរឆ្នាំកន្លងទៅ កម្មវិធីជាតិជំនួយសង្គមដែលមានលក្ខណៈជាការឧបត្ថម្ភសាច់ប្រាក់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបាន លទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ចំនួនពីរទៀតគឺ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធ អតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់។ ទន្ទឹមនឹងលទ្ធផលជាវិជ្ជមាន ថ្មីៗនេះក៏កើតមានភាពមិនប្រក្រតីមួយចំនួន ដូចជា៖ ការយកកម្រៃសេវាពី ប្រជាពលរដ្ឋដែលបានមកផ្ទៀងផ្ទាត់ឈ្មោះទទួលប្រាក់ឧបត្ថម្ភ ការឃុបឃិត និងបន្លំយកប័ណ្ណសមធម៌ និងកាតវីង ដើម្បីដកយកថវិការបស់អ្នកទទួលផលពីកម្មវិធី ជាដើម។ ដូច្នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសុចរិតភាពក្នុងការអនុវត្តកម្មវិធីជាតិជំនួយសង្គមជាពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ រដ្ឋបាល រាជធានី ខេត្ត ត្រូវអនុវត្តកិច្ចការមួយចំនួនដូចខាងក្រោម៖
– ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរពជាដាច់ខាតនូវគោលការណ៍ និងនីតិវិធីនៃការអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតីនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរង ហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការ នាពេលថ្មីៗនេះ
– ណែនាំដល់មេឃុំ ចៅសង្កាត់មិនត្រូវប្រគល់ឈ្មោះគណនី(Username) និងលេខសម្ងាត់ (Password) សម្រាប់អនុម័តអ្នកទទួលផលចូលក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ទៅបុគ្គលផ្សេងឡើយ
– ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឱ្យគោរព និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវចៀសវាង ដាច់ខាតនូវការឃុបឃិតដាក់បញ្ចូលសាច់ញាតិ បងប្អូន កូនក្មួយ និងមិត្តភក្តិខ្លួនឯងដែលមិនមែន ជាគ្រួសារក្រីក្រ ជនងាយរងគ្រោះ ឬរងផលប៉ះពាល់ពិតប្រាកដ៍ឱ្យទទួលបាននូវប្រាក់ឧបត្ថម្ភ មិនត្រូវ គិតកម្រៃសេវាពីប្រជាពលរដ្ឋ និងមិនត្រូវដកថវិកាសម្រាប់ឧបត្ថម្ភជូនប្រជាពលរដ្ឋក្នុងកម្មវិធី ទាំងនេះដោយមូលហេតុណាមួយជាដាច់ខាត
– ត្រូវតាមដាន ត្រួតពិនិត្យ និងជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ-១៩ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលកំពុងតែអនុវត្ត និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីជំនួយ សង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព។ ទន្ទឹមនេះ រដ្ឋបាលរាជធានី ខេត្តត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះមន្ត្រីឃុំ សង្កាត់ណាដែលបានអនុវត្តមិនប្រក្រតីនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំងនេះ
– ណែនាំដល់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តបង្កើនកិច្ចសហការជាមួយ មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការផ្សព្វផ្សាយ កម្មវីធីជាតិជំនួយសង្គមដែលបាននិងកំពុងអនុវត្ត និងកម្មវិធីជាតិជំនួយសង្គមថ្មីៗរបស់រាជរដ្ឋាភិបាល ឱ្យបានទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព៕
ដោយ : សុខ ខេមរា