ជប៉ុន អង់គ្លេស និងអុីតាលី នឹងសហការគ្នាផលិតយន្តហោះចម្បាំង ជំនាន់ថ្មីក្រោយការសម្រេចបង្កើតទំនាក់ទំនងដៃគូអន្តរទ្វីប។ នេះជាគម្រោងឧស្សាហកម្មការពារជាតិអន្តរជាតិធំដំបូងបង្អស់របស់ជប៉ុន ជាមួយប្រទេសជាដៃគូមិនមែនអាមេរិកលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។
កិច្ចព្រមព្រៀងខាងលើមានគោលដៅសម្រេចឱ្យបានយន្តហោះចម្បាំងថ្មីមួយដែលអាចចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ២០៣៥ តាមរយៈការច្របាច់បញ្ចូលគ្នានូវគម្រោងអភិវឌ្ឍន៍យន្តហោះចម្បាំង Tempest របស់អង់គ្លេស ហើយនិងគម្រោង F-X របស់ជប៉ុន ឱ្យទៅជាគម្រោងរួមគ្នាហៅថា Global Combat Air Programme ហៅកាត់ GCAP។
ក្រុមហ៊ុន BAE Systems របស់អង់គ្លេស ក្រុមហ៊ុន Mitshubishi Heavy Industries របស់ជប៉ុន ព្រមទាំងក្រុមហ៊ុន Leonardo របស់អ៉ីតាលី នឹងដឹកនាំការរចនាយន្តហោះចម្បាំងខាងលើ ដែលនឹងមានបំពាក់សមត្ថភាពបច្ចេកវិទ្យាឌីជីថលយ៉ាងជឿនលឿននៅក្នុងផ្នែក AI និង cyber warfare។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតមីស៉ីលរបស់អឺរ៉ុប MBDA និងក្រុមហ៊ុនឧបករណ៍អេឡិចត្រូនិកMitshubishi Electric Corp ក៏នឹងចូលរួមក្នុងគម្រោងនេះផងដែរ ខណៈដែលក្រុមហ៊ុន៣ផ្សេងទៀត គឺ Rolls-Royce PLC, IHI Corp រួមទាំង Avio Aero នឹងធ្វើការពាក់ព័ន្ធម៉ាស៉ីនយន្តហោះ។
សម្រាប់ទីក្រុងតូក្យូនិងទីក្រុងឡុងដ៍ គម្រោងខាងលើតំណាងឱ្យសមិទ្ធផលចុងក្រោយនៃការរឹតបន្តឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែជិតស្និទ្ធឡើងរវាងភាគីទាំងពីរ ខណៈដែលការបង្កើនចំណងទាក់ទងនេះ ផ្តល់ឱកាសឱ្យចក្រភពអង់គ្លេសនូវតួនាទីផ្នែកសន្តិសុខដ៏ធំមួយក្នុងតំបន់អាស៉ី ហើយទន្ទឹមគ្នាវាផ្តល់ឱ្យជប៉ុននូវដៃគូផ្នែកសន្តិសុខដ៏សំខាន់ថ្មីមួយដែលអាចជួយឱ្យខ្លួនទប់ទល់នឹងការរីកធំឡើងនៃអានុភាពយោធារបស់ប្រទេសចិនដែលនៅក្បែរខាង៕ ដោយធីរីណា
រូបថត : Reuters