ភ្នំពេញ : លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជម្រាបមក លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោករដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ដើម្បីធ្វើកិច្ចប្រជុំអន្តរក្រសួង ត្រួតពិនិត្យ ផ្តល់យោបល់ និងកំណត់ ដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក ។ នេះបើយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃ៩ ខែធ្នូ ឆ្នាំ២០២២។
លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា,
ខ្ញុំសូមជម្រាប លោករដ្ឋមន្ត្រី ជ្រាបថា៖ ដោយពិនិត្យ ឃើញថា ក្នុងរយៈពេល ០២ ខែចុងក្រោយនេះ ថ្លៃជ្រូករស់ក្នុងស្រុកមានការធ្លាក់ចុះ ក៏ដូចជាតបតាមសំណើរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះ អគ្គលេខា ធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេក- ទេស ដើម្បីពិនិត្យ ផ្តល់យោបល់ និងស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហានៃការធ្លាក់ចុះថ្លៃជ្រូករស់ក្នុងស្រុក និង ការធានាស្ថិរភាពថ្លៃសាច់ជ្រូកនៅលើទីផ្សារ។ ក្នុងន័យនេះ, ខ្ញុំសូមស្នើ លោករដ្ឋមន្ត្រី ចាត់ថ្នាក់ដឹកនាំ ១. រូប អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំខាងលើនេះនាថ្ងៃទី១៩ .ខែធ្នូ ឆ្នាំ២០២២ ម៉ោង៣ រសៀល នៅទីស្តីការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ កិច្ចប្រជុំនេះដឹកនាំដោយ បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ គ.ស.ហ.។
សូមបញ្ជាក់ថា, ពាក់ព័ន្ធករណីនេះ លោកឧកញ៉ា លឹម ហេង បានបញ្ចេញជាយោបល់ថា, ដើម្បីរក្សានិរន្តរភាព និងកំនើនវិស័យកសិកម្មក្នុងស្រុកបាន យើងចាំបាច់ត្រូវបង្កើនទីផ្សារនាំចេញ :
១- ជំរុញ និងបង្កើនការនាំចេញលើផលិតផលកសិកម្ម អោយអស់លទ្ធភាព
២-បែបបទនៃការនាំចេញ នាំចូលនៅច្រកចេញចូលតែមួយ
– ការបែងចែកក្នុងការគ្រប់គ្រងការផលិត និងការនាំចេញរវាងស្ថាប័នពាក់ព័ន្ធអោយបានច្បាស់លាស់
៣- ស្នើសុំលើកលែងពន្ធអាករនានា និងថ្ងៃសេវាផ្សេងៗ
– ពន្ធកាត់ទុកផ្សេងៗ និងពន្ធអាករបន្ថែម១០%
– ថ្លៃសេវាលើឯកសារសាធារណៈ និងការផ្តល់សេវាសាធារណៈត្រូវតែផ្តល់នៅច្រកចេញចូលតែ១ នៅតាម ឃុំ សង្កាត់និងតាមរយៈអនឡាញ…
នេះគឺជាមតិខ្លះក្នុងការលើកស្ទួយ ដើម្បីទាក់ទាញវិនិយោគិន និងជំរុញវិស័យកសិកម្មតែប៉ុណ្ណោះ បើមានការខុសឆ្គងសូមអធ្យាស្រ័យ សូមអរគុណ ៕
ដោយ : សិលា