ភ្នំពេញ : វាយកម្ទេចកុដិបុរាណចំនួន៣ គឺកុដិលេខ ៤៣,៤៤,៤៥, នៅវត្តឧណ្ណាលោម ដែលបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ដើម្បីកសាងចេតិយថ្មីទៅវិញ ! ប្រឈមនឹងការរិះគន់យ៉ាងធ្ងន់ធ្ងរ ពីមជ្ឈដ្ឋានមហាជន តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ។ នេះបើយោងតាមលិខិត របស់លោកស្រីរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបង្គំទូលថ្វាយ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។
លោកស្រីរដ្ឋមន្ត្រីបានបញ្ជាក់ថា, សម្ដេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !
កម្មវត្ថុ : ករណីការវាយកុដិបុរាណចំនួន៣ ក្នុងងបរិវេណវត្តឧណ្ណាឡោម។
យោង៖- សារាចរលេខ ០៨ សរ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០១ ស្តីពីការទប់ស្កាត់ ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។
– ព្រះរាជក្រម នស/រកម/០១៩៦/២៦ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៩៦ ស្ដីពី កិច្ចការពារបេតិកភណ្ឌវប្បធម៌។
សេចក្តីដូចមានក្នុងកម្មវត្ថុនិងយោងខាងលើ ទូលព្រះបង្គំសូមគោរពទូលថ្វាយ សម្តេចព្រះមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ ទូលព្រះបង្គំបាន
ទទួលដំណឹងពីមន្ត្រីជំនាញ និងមហាជនរាយការណ៍មកស្ដីពីករណីនៃការវាយកម្ទេចកុដិបុរាណចំនួន៣(កុដ្ឋលេខ៤៣, ៤៤ និង៤៥) ដែលកសាងនាកំឡុងឆ្នាំ១៩៣០នៅក្នុងបរិវេណវត្តឧណ្ណាលោម ដើម្បីសាងសង់ព្រះចេតិយ។ ក្រោយដឹង ដំណឹងនេះ ក្រសួងមានការសោកស្តាយជាខ្លាំង ព្រោះកុដិទាំងបីនេះក្រសួងបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ ហើយបានចុះក្នុងបញ្ជីរបស់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញកាលពីឆ្នាំ២០១៧។ សកម្មភាពនេះ កំពុងរង ការរិះគន់យ៉ាងផុសផុលពីមហាជនតាមរយៈបណ្ដាញសង្គម។ ក្នុងនាមក្រសួងជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែល មានតួនាទីនិងភារកិច្ចក្នុងការគ្រប់គ្រង ថែរក្សាការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក្រសួងសូមបញ្ជាក់ទូលថ្វាយថា សកម្មភាពនៃការរុះរើនិងវាយកម្ទេចកុដិចាស់ដោយពុំបានសិក្សាពិគ្រោះ និងការអនុញ្ញាតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាទង្វើដែលផ្ទុយនឹងច្បាប់ ព្រមទាំងសារាចររបស់រាជរដ្ឋាភិបាលដែលជាឯកសារគតិយុត្តិជាធរមាន ដូចបានភ្ជាប់មក ជាមួយដែលចង្អុលបង្ហាញថា រាល់ការជួសជុលព្រះវិហារ ឬសំណង់អគារបេតិកភណ្ឌនានាត្រូវស្នើសុំការអនុញ្ញាតពី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាក្រសួងជំនាញ។
អាស្រ័យដូចបានទូលថ្វាយខាងលើ សូម សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជមេត្តាបញ្ឈប់ការរុះរើ វាយកម្ទេចអគារបុរាណនេះ ដោយសេចក្ដីអនុគ្រោះដ៏ខ្ពង់ខ្ពស់បំផុត។ សូមសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជមេត្តាទទួលនូវគារវៈកិច្ចជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតអំពីទូលព្រះបង្គំ ៕
ដោយ: សិលា