អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា ពិភពលោកទាំងមូល កំពុងប្រឈមមុខនឹងការលំបាកផ្នែកសេដ្ឋកិច្ចជាច្រើន ប៉ុន្តែអ្នកទន់ខ្សោយនិងគ្មានសំណាងនៅតែជាអ្នកដែលប្រឈមមុខនឹងការលំបាកបំផុត។
កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់សហគមន៍អន្តរជាតិ បរិច្ចាគទឹកប្រាក់ប្រហែល១ពាន់លានដុល្លារ ដល់មូលនិធិសង្គ្រោះបន្ទាន់ របស់អង្គការសហប្រជាជាតិ (CERF) ដែលជាមូលនិធិជួយជនពិការ ចាស់ជរា ស្ត្រី និងកុមារី។
ថ្លែងក្នុងពិធីអំពាវនាវគាំទ្រ CERF សម្រាប់ឆ្នាំ២០២៣ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល១៦ឆ្នាំកន្លងមកនេះ មានប្រទេសសមាជិក ១៤០ប្រទេស របស់អង្គការសហប្រជាជាតិ អង្គការក្នុងស្រុក និងតំបន់ អង្គការមិនមែនរដ្ឋាភិបាល ជាច្រើនបានរួមចំណែកយ៉ាងសប្បុរសដល់មូលនិធិ CERF។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល១៦ឆ្នាំដូចគ្នា ចំនួនមនុស្សដែលត្រូវការជំនួយ បានកើនឡើងដប់ដង។
លោក Guterres បាននិយាយថា ចំនួនទឹកប្រាក់នៃមូលនិធិ CERF ត្រូវបានលើកឡើងសម្រាប់ឆ្នាំ២០២៣ ។ លោក បន្តទៀតថា បច្ចុប្បន្នពិភពលោកទាំងមូលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ចជាច្រើន ប៉ុន្តែអ្នកទន់ខ្សោយ និងគ្មានសំណាង នៅតែជាអ្នកដែលប្រឈមមុខនឹងការលំបាកបំផុត។
នៅឆ្នាំ ២០២២ CERF បានចំណាយប្រាក់ជាង ៧០០លានដុល្លារជួយសង្គ្រោះជីវិត នៅក្នុងប្រទេសចំនួន៤០ ហើយក្នុងករណីជាច្រើន ធនធានរបស់ CRF ទៅដល់អ្នកដែលត្រូវការ ក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ FAO បានព្យាករថា ពិភពលោកនឹងចំណាយប្រាក់ 1.940 ពាន់លានដុល្លារលើការនាំចូលស្បៀងអាហារ៕ ដោយធីរីណា
រូបថត : TTXVN-VNA