ខេត្តមណ្ឌលគិរី៖ ផ្អើលពេញវិទ្យាល័យ ហ៊ុន សែនមណ្ឌលគិរី ក្រោយបែកធ្លាយឯកសាររឿងបក្ខពួកលោកនាយកសាលា បានតែងតាំងនាយករងរដ្ឋបាល និងបក្ខពួកនាំគ្នាកៀបលុយកាក់ពីសិស្សសាលាជាដើម រហូតលោកគ្រូ អ្នកគ្រូព្រមទាំងសិស្សានុសិស្សនាំគ្នាប្តិតមេដៃប្តឹងសុំអន្តរាគមន៍ពីលោករដ្ឋមន្ត្រីក្រសួងអប់រំផងដែរ។ នេះបេីយោងតាមប្រភពព័ត៍មានពីឯកសារដែលធ្លាយនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដែលទើបទទួលបាននៅព្រឹកថ្ងៃចន្ទទី១២ ខែធ្នូ ឆ្នាំ២០២២។
ខាងក្រោមនេះជាឯកសារដែលធ្លាយនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បង្កការភ្ញាក់ផ្អើល កាលពីថ្ងៃទី១១ ខែធ្នូម្សិលមិញនេះ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ៖
ខ្ញុំបាទ / នាងខ្ញុំ ជាបុគ្គលិកសិក្សានៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី សូមគោរពជូន លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាយើងខ្ញុំទាំងអស់គ្នាជាបុគ្គលិកនៃ វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ដែលមានស្នាមមេដៃទាំងអស់គ្នាដូចបានភ្ជាប់ជូនជាមួយ មានការមិនពេញចិត្តទៅលើការគ្រប់គ្រងរបស់លោក ឃុត តូ នាយកវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី។ កម្មវត្ថុ ៖ សំណើរសុំជួយអន្តរាគមន៍ ដើម្បីធ្វើការរៀបចំការបោះឆ្នោតជ្រើសរើសនាយករងរដ្ឋបាលថ្មី ក្រៅពីឈ្មោះលោក ប៊ុន បញ្ញា ហើយសូមឲ្យមានការចូលរួមបោះឆ្នោតពីសំណាក់លោកគ្រូ អ្នកគ្រូ និងប្រកាសលទ្ធផលដោយផ្ទាល់។
មូលហេតុ៖ ១. លោក ប៊ុន បញ្ញ មានការជ្រើសរើសដោយអត្តនោម័តិពីលោកនាយក ឃុត តូ មិនបានសាកសួរយោបល់ បុគ្គលិក ឬបោះឆ្នោតជ្រើសរើសតាមនីតិវិធីអ្វីនោះឡើយ ។ ម៉្យាងវិញទៀតលោក ប៊ុន បញ្ញា មិនមែនជាប្រធានក្រុមបច្ចេកទេស រួម ហើយក៏មិនមែនជាប្រធានក្រុមបច្ចេកទេសមុខវិជ្ជាដែរ។ ផ្ទុយមកវិញលោក ប៊ុន បញ្ញា ជាបក្សពួក ជាដៃជើងជំនិតរបស់ លោកនាយក តែងតែបង្កបញ្ហាដល់សាលា។
២. លោក ប៊ុន បញ្ញា តែងតែធ្វើបាបសិស្សតាមវីធីច្រើនរូបភាពដូចខាងក្រោម៖ – ការប្រមូលលុយសិស្សរៀងរាល់ថ្ងៃធ្វើពលកម្ម (ថ្ងៃសៅរ៍)។
– ចំពោះសិស្សដែលកត់មេរៀនមិនគ្រប់ ត្រូវពិន័យជាលុយ។
– ការគំរាមកំហែងដល់សិស្ស (រហូតដល់មានសិស្សម្នាក់ គ្រាន់តែលឺឈ្មោះក៏ភ័យ ហើយយំដែរ)។ – ការដាក់ពិន័យសិស្សក្នុងសាលា ឲ្យសិស្សទៅធ្វើការនៅផ្ទះរបស់ខ្លួន (កាប់ដី ជូតផ្ទះ…)។
– ពិន័យសិស្សដែលមិនបានមកគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ និងល្ងាចថ្ងៃសុក្រ ១នាក់ ៥០០០រៀល ក្នុងការមិនបានមកម្តង (អវត្តមាន ១ដង)។
-មានអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យជាគ្រូ និងសិស្ស នៅពេលដែលលោកនាយកចាត់ឡើងជានាយករង។ -នៅពេលដែលសិស្សផ្ទេរចូលមិនបានធ្វើពលកម្មមុនថ្ងៃចូលរៀនត្រូវពិន័យជាលុយ ១ថ្ងៃ ១០០០០រៀល ឫ៥០០០រៀល។
-មានការរើសអើងចំពោះសិស្សដែលគ្នាមានជីវភាពក្រីក្រ ឫជាជនជាតិដើមភាគតិច។
មេត្តាជ្រាបថាក្រោយពីលោកនាយករង អ៊ឹម ចាន់ណារ៉ា ត្រូវបានផ្ទេរទៅកាន់សាលាបច្ចេកទេស លោកនាយកសាលាបាន ជ្រើសរើសនាយករងថ្មីមកជំនួសដោយអត្តនោម័តិ មិនបានសាកសួរយោបល់បុគ្គលិក ឬបោះឆ្នោតជ្រើសរើសតាមនីតិវិធីអ្វីនោះ
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទ/នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្តី ឡើយ។ ខ្ញុំបាទ /នាងខ្ញុំទាំងអស់គ្នាសូមបដិសេធមិនយល់ស្រប និងការជ្រើសរើសដូចនេះទេ។ ដើម្បីអង្គភាពទាំងមូល ក៏ដូចជា ដើម្បីសិស្សានុសិស្សទាំងអស់ដែលគ្នាមានជីវភាពខ្វះខាតបានមកសិក្សាដោយស្មើភាព តម្លាភាព និងយុត្តិធម៌ផងដែរ។ ខ្ញុំបាទ នាងខ្ញុំទាំងអស់គ្នាសូមគោរពស្នើសុំ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ដោយក្ដីអនុគ្រោះ ផង។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ ខ្ញុំបាទ / នាងខ្ញុំ ទាំងអស់គ្នាសូមគោរពជម្រាបជូន ឯកឧត្តមបណ្ឌិត សភាចារ្យរដ្ឋមន្ត្រី មេត្តាជ្រាបជារបាយការណ៍ និងស្នើសុំជួយអន្តរាគមន៍ឲ្យខានតែបាន ដោយចាត់មន្ត្រីជំនាញដើម្បីចុះ
មកសម្របសម្រួលរៀបចំការបោះឆ្នោតជ្រើសរើសនាយករងរដ្ឋបាលថ្មីទៅតាមនីតិវិធី ដោយមានការចូលរួមបោះឆ្នោតពីសំណាក់ បុគ្គលិកនៃវិទ្យាល័យទាំងអស់ និងប្រកាសលទ្ធផលនៅនឹងមុខផ្ទាល់តែម្ដង។
សូមគោរពជម្រាបជូន លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ផងដែរថា យើងខ្ញុំទាំងអស់គ្នា បានដាក់ស្នើសុំទៅលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី ម្តងរួចមកហើយ តែមិនមានចម្លើយសោះ។ សូម ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ/នាងខ្ញុំ៕ ដោយ៖សហការី