ខេត្តស្ទឹងត្រែង៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២នេះថា៖ មកស្គាល់ត្រីប៉ាស៊ីអ៉ី ដែលបងប្អូនជនរួមជាតិភាគច្រើន ធ្លាប់តែឮឈ្មោះ តែមិនដែលស្គាល់រូបរាងពិត ហើយក៏មិនស្គាល់រសជាតិយ៉ាងណាដែរ!
លោកអ្នកនាំពាក្យរូបនេះ បានថ្លែងបន្តថា ត្រីប៉ាស៊ីអ៉ី ដ៏ល្បីសម្រាប់ខេត្តស្ទឹងត្រែង ជាប្រភេទត្រីទឹកសាបដែលរស់នៅតំបន់ទន្លេមេគង្គលើប៉ែកខាងជើងប្រទេសកម្ពុជាជាពិេសសក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ បច្ចុប្បន្ន គេប្រទះឃើញតិចតួចក្នុងដែននេសាទ។ ត្រីប៉ាស៊ីអ៉ី ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់ជិតរងគ្រោះថ្នាក់ (Near Threatened) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN។
យោងតាមមន្ត្រីជំនាញ ត្រីប៉ាស៊ីអ៉ី មាននៅតែក្នុងទន្លេមេគង្គក្នុងទឹកដីខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ។ ត្រីនេះ វាតែងតែឡើងទៅពងកូននៅក្នុងទឹកដីជាប់ព្រំដែនប្រទេសឡាវ ភាគខាងជើងខេត្តស្ទឹងត្រែង ។ ពេលដល់រដូវទឹកស្រក វានឹងចាប់ផ្ដើមចុះមកផ្នែកខាងក្រោម មករស់នៅតាមដងទន្លេ ស្ថិតក្នុងទឹកដីខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ជាមួយស្រុកសំបូរ ខេត្តក្រចេះ តាមដងទន្លេមេគង្គ ដោយសារព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៃដងទន្លេមេគង្គសម្បូរព្រៃលិចទឹក បង្កក្ខណៈងាយស្រួលក្នុងការរស់នៅរបស់ត្រី ទើបវាចូលចិត្តទៅរស់នៅទីនោះ៕ដោយ៖សហការី
រូបថត៖ឯកសារ