ខេត្តសៀមរាប៖ ជាលើកទី១ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីដឹងគុណអង្គរតាមរយៈការដើរហែរក្បួនសិស្សានុសិស្សប្រមាណជិត១ពាន់នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានពិធីដឹងគុណអង្គរជារៀង រាល់ឆ្នាំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូ។
នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះ សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត១ពាន់នាក់បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិ,អន្ដរជាតិ ឱ្យមានការរំលឹកគុណដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។ ពិធីនេះក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
បន្ទាប់ពីមានការជួបជុំតាំងពីព្រឹកមកនោះ ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរ ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់បដា ជាភាសារខ្មែរផងនិងភាសាបរទេសផងដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អអង្គរជាដួងព្រលឹងនិងជាអត្ដសញ្ញាណជាតិអបអរ សាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម ។
អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ មាន ប្រសាសន៍នៅក្នុងឱកាសនោះថា ព្យុះហយាត្រាដែលមានមនុស្សរួមជិតមួយពាន់នេះធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរសក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ ក្រោយបានស្គាល់។ប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។
សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕ ដោយ៖ សូរិយា