សត្វ «ឈ្លូសយក្ស»ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា វៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម

ចែករំលែក៖

ភ្នំពេញ : សត្វ «ឈ្លូសយក្ស» ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងនៅលើពិភពលោក នៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូង នៅក្នុងតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា ក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូង នៅឆ្នាំ១៩៩៤ ក្នុងប្រទេសវៀតណាម និងឡាវ នៅតាមជួរភ្នំអាណាម ដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរជ័យ ភាគឦសាន នៃប្រទេសកម្ពុជា។ ដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗ នៅក្នុងឧទ្យានជាតិវីរជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញពីវត្តមានសត្វឈ្លូសយក្សនេះ។ បើយោងតាមការបញ្ជាក់ពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

លោកបានបន្តថា, សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រ ពីនីវ៉ូសមុទ្រ)។ នៅកំឡុងទសវត្សន៏៩០ ស្នែងឈ្លូសយក្ស ត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយ នៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។ ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាម ក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទ ហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្ស និងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់ ទី១៖ ស្នែងសត្វឈ្លូសយក្ស មានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា, ទី២៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម និងទី៣៖ ថ្ងាសរបស់សត្វឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។

សត្វឈ្លូសយក្ស ត្រូវបានចាត់ជាប្រភេទរងគ្រោះជិតផុតពូជខ្លាំង (Critically Endangered) នៅក្នុងបញ្ជីក្រហមរបស់ IUCN ហើយកត្តាគំរាម កំហែងដល់សត្វឈ្លូសយក្ស គឺការបរបាញ់យកស្នែង និងសាច់។ ដូច្នេះយើងត្រូវនិយាយថាទេចំពោះសាច់សត្វព្រៃ និងសូមកុំបរិភោគសាច់សត្វព្រៃ ដើម្បីបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់សម្លាប់សត្វដោយខុសច្បាប់៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print