ភ្នំពេញ៖ គិតមកដល់ពេលនេះប្រទេសកម្ពុជាមានអ្នក ជំងឺកូវីត១៩ជិត៤០នាក់តែកំពុងសម្រាកព្យាបាលនៅតាមបណ្ដាមន្ទីរពេទ្យនានា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដវីដ១៩ ទៀតទេ។ នេះបើតាមការអះអាងរបស់លោកស្រីវេជ្ជ បណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការប្រចាំការ ក្រសួង សុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ។
លោកស្រី យក់ សម្បតិ្ត ថ្លែងយ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលា ស្តីពីការពិនិត្យលទ្ធផលប្រចាំឆ្នាំ ២០២២ នៃការអនុវត្តម្រោងអាហារូបត្ថម្ភនៅកម្ពុជា, រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកស្រីរដ្ឋលេខាធិការលើកឡើងទៀតថា ប្រមុខរាជ រដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គមគ្គុទេសក៍បញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ដោយកន្លងមកមានប្រទេសមួយចំនួនបានមើលស្រាលដល់ប្រទេសកម្ពុជា ថាប្រព័ន្ធសុខាភិបាល អន់ថយ ថាកម្ពុជា មិនមានលទ្ធភាពក្នុងការគ្រប់គ្រង។
បើទោះបីជាបច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ១៩ហាក់ដូច ជាធូរស្រាលខ្លាំងក៏ដោយក៏លោកស្រីរដ្ឋលេខាធិការប្រចាំការ បានអំពាវនាវដល់មន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ ឲ្យខានតែបាន។ បើទោះបីជាការឆ្លងមេរោគកូវីដ-១៩ មានកម្រិតតិចតួចក៏ដោយ អ្វីដែលជាការព្រួយបារម្ភ គឺការបំប្លែងថ្មី នៃមេរោគកូវីដ-១៩ ដែលមានបណ្តាប្រទេសមួយចំនួនកំពុងជួបករណីបំប្លែងថ្មីនេះ។
ដូច្នេះយើងត្រូវបន្តការទប់ស្កាត់ការនាំចូល ក៏ដូចជាជៀសវាងការឆ្លងក្នុងសហគមន៍។ ជាពិសេសក្នុងនាមលោកជំទាវវេជ្ជបណ្ឌិត ជានាយកគម្រោងអាហារូបត្ថម្ភ សូមលើកទឹកចិត្តដល់មន្ត្រីក៏ដូចជាសហការីបន្តការការពារខ្លួន ហើយបន្តណែនាំដល់បងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និងទី៥ឲ្យបានគ្រប់ៗគ្នា៕ ដោយ៖ សូរិយា