ខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា នឹងធ្វើឡើងយ៉ាងមហោឡារិក មានអ្នកចូលរួមជិត ៥ពាន់នាក់

ចែករំលែក៖

ភ្នំពេញ÷ នៅក្នុងឱកាដខួប ២៤ឆ្នាំនៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ នឹងមានការប្រារព្ធពិធីអបអរសាទរយ៉ាងមហោឡារិកក្រោម ការចូលរួមពីមហាជនសរុបជិត ៥ពាន់នាក់។

កម្ពុជា បានជួបវិបត្តិភ្លើងសង្គ្រាមយ៉ាងខ្លោចផ្សារអស់រយៈពេលប្រមាណ ៣ទសវត្សរ៍ ក្រោយការធ្វើរដ្ឋប្រហារដោយខុសច្បាប់នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានឆេះរោលរាលបំផ្លិចបំផ្លាញនាវាកម្ពុជាស្ទើរក្លាយជាផេះផង់។ ភ្លើងសង្គ្រាមដែលបង្កាត់ឡើងត្រឹមមួយតែមួយថ្ងៃ តែបានឆេះរោលរាលរហូតដល់ទៅ៣ទសវត្សរ៍។ ភ្លើងសង្គ្រាមនេះ ត្រូវបានបិទបញ្ចប់ទៅវិញទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ថ្ងៃដែលមេដឹកនាំខ្មែរក្រហម មកសុំរួមរស់នឹងរាជរដ្ឋាភិបាល។

ភ្លើងសង្គ្រាមនេះ បានផុតរលត់ទៅក្រោមការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក។ ការបិទបញ្ចប់សង្គ្រាមមួយនេះ វាបានក្លាយជាពេលវេលាដែលកម្ពុជា រកឃើញនូវសុខសន្តិភាព រកឃើញនូវការឯកភាពជាតិ និងទឹកដីជាថ្មី ក្រោយការបែកបាក់ចក្រភពអង្គរ ដែលមានរយៈពេលយ៉ាងហោចណាស់៥០០ឆ្នាំ។

នៅឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមប្រារព្ធពិធីអបអរសាទរ ថ្ងៃបិទបញ្ចប់ភ្លើងសង្គ្រាមនេះ ដើម្បីរំលឹកដល់គំរូវីរភាពស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាបញ្ជ្រាបឱ្យប្រជាពលរដ្ឋខ្មែរ បានដឹងពីគុណតម្លៃនៃនយោបាយឈ្នះ-ឈ្នះ ដែលជាបុព្វហេតុនាំមកនូវសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម និងនាំ មកនូវការអភិវឌ្ឍសម្រាប់សង្គមជាតិដូចពេលបច្ចុប្បន្ន។

ក្នុងសន្និសីទព័ត៌មាននៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ ២០២២ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរ ភូមិន្ទគូសបញ្ជាក់ថា នៅឆ្នាំ២០២២នេះពិធីអបអរសាទរខួប២៤ឆ្នាំ នៃទិវានយោបាយឈ្នះ-ឈ្នះនេះ នឹងត្រូវប្រារព្ធឡើងយ៉ាងមហោឡារិក។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា អ្នកចូលរួមអបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ មានចំនួនប្រមាណ ៤ ៦៨៨នាក់។ ក្នុងនោះគណៈអធិបតី ភ្ញៀវជាតិ និងអន្តរជាតិសរុប ២៧២ នាក់, ព្រះសង្ឃ៧អង្គ,កងកម្លាំងប្រដាប់អាវុធ រួមទាំងកាយរឹទ្ធិ ១៩ផែន ស្មើនឹង ២,៣១៥នាក់,ផែនយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា,កាយរឹទ្ធិ,កាកបាទ ក្រហម ៨៩៤នាក់ ផែនប្រជាពលរដ្ឋ ១,២០០នាក់។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា ការប្រារព្ធខួបនេះ មានសារៈសំខាន់ណាស់ ដែលត្រូវធ្វើឡើ ងរៀងរាល់ឆ្នាំ ដើម្បីឱ្យប្រជាពលរដ្ឋយល់ជ្រូតជ្រៀបពីនយោបាយឈ្នះ-ឈ្នះ គាំទ្ររាល់សកម្មភាពនៃនយោ បាយឈ្នះ-ឈ្នះ ដឹងគុណ និងកតញ្ញូចំពោះវីរជន ជា ពិសេសស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិរហូតបានបញ្ចប់សង្គ្រាមទាំងស្រុង។

លោក ឥត សារ៉ាត់ បញ្ជាក់ដូច្នេះ «ថ្ងៃ២៩ ខែធ្នូ ជាថ្ងៃបញ្ចប់សង្គ្រាមនេះ មានអត្ថន័យនិងសារៈសំខាន់ណាស់ ចំពោះជាតិមាតុភូមិរបស់យើង។ វាជាប្រវត្តិសាស្ត្ររបស់ប្រជាជាតិខ្មែរទាំងមូលផងដែរ ព្រោះថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានេះ វាមានអត្ថន័យធំធែងណាស់ ចំពោះប្រជាជាតិយើងដែលបានបញ្ចប់សង្គ្រាម ស៊ីវិល ដែលមានរយៈពេលយ៉ាងយូរមកហើយនេះ។ ការបញ្ចប់សង្គ្រាមស៊ីវិលនេះ ដោយសារនយោបាយឈ្នះ- ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារបស់យើង»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា «កម្ពុជារបស់យើងបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសង្គ្រាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងបែងចែកទឹកដី ពីខឿនសេដ្ឋកិច្ចជាតិត្រូវបានខ្ទេចខ្ទាំ រហូតមកដល់បច្ចុប្បន្នយើងមានសុខសន្តិភាព មានសេរីភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅដោយសុខសាន្ត នេះជាសមិទ្ធផលមួយធំណាស់ ដែលយើងត្រូវតែចូលរួមថែរក្សា»។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងផងដែរថា ទន្ទឹមនឹងការប្រារព្ធពិធីអបអរសាទរនេះ នឹងមានការសម្ពោធសួនសមិទ្ធផលមួយចំនួន ដែលទើបសាងសង់រួចរាល់នៅបរិវេណវិមានឈ្នះ-ឈ្នះ។ សមិទ្ធផលដែលសម្ពោធនោះមានដូចជាសមិទ្ធផលរបស់កងយោធពល ខេមរភូមិន្ទ, សន្តិសុខជាតិ រួមមានកងរាជអាវុធហត្ថ និងនគរបាលជាតិ, សួនស៊ីម៉ាក់ និង សួនស្តីពីការកសាងវិមានឈ្នះ-ឈ្នះ។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំតាំងពិព័រណ៍ស្តីពីការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះរបស់កងយោធពលខេមរភូមិន្ទចំនួន ១៩ស្តង់។ ក្នុងនោះផែនចំណុះក្រសួង ការពារជាតិ ១២ស្តង់ និងអគ្គបញ្ជាការចំនួន៧ស្តង់ ហើយនៅពេលរាត្រី មានបាញ់កាំជ្រួចថែមទៀតផង។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរទិវានយោបាយឈ្នះ- ឈ្នះ កាលពីខែមករា ឆ្នាំ២០២២កន្លងទៅនេះរាជរដ្ឋា ភិបាលកម្ពុជា បានចេញសារាចរកំណត់យកទិវានយោ បាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំ ដោយមិនឈប់សម្រាកនោះឡើយ។ ក្នុងសារាចរនោះ រាជរដ្ឋាភិបាលណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងគ្រឹះស្ថានសាធារណៈឯកជនត្រូវរៀបចំចងបដា ពាក្យស្លោក ដើម្បីអបអរសាទរទិវានយោបាយឈ្នះ- ឈ្នះ ដែលមានខ្លឹមសារថា «អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ

...

ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print