នៅថ្ងៃទី១៤ ខែធ្នូ ព្រះនាង Bajrakitiyabha Narendira Debyavati ដែលជាបុត្រីច្បងរបស់ស្តេចថៃ Maha Vajiralongkorn របស់ប្រទេសថៃ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីដួលសន្លប់ខណៈពេលដែលព្រះនាងកំពុងបង្វឹកហាត់សត្វឆ្កែ។
ព្រះនាងមានព្រះជន្ម៤៤ព្រះវស្សាកំពុងបង្វឹកហាត់សត្វឆ្កែនៅខេត្តនគររាជសីមា ភាគឦសាននៃប្រទេសថៃ ដើម្បីត្រៀមចូលរួមក្នុងការប្រកួតឆ្កែយោធា។ នាយកដ្ឋានភូមិន្ទថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូថា “ក្នុងអំឡុងពេលហ្វឹកហាត់ព្រះនាងបានដួលសន្លប់ដោយសារតែបញ្ហាបេះដូង” ។
ព្រះនាង Bajrakitiyabha ត្រូវបានព្យាបាលដំបូងនៅមន្ទីរពេទ្យក្នុងស្រុក បន្ទាប់មកត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ Chulalongkorn ក្នុងទីក្រុងបាងកក ហើយកំពុងត្រូវបានព្យាបាលនៅឡើយ។
បន្ទាប់ពីបានបញ្ចប់ថ្នាក់បណ្ឌិត ព្រះនាង Bajrakitiyabha បានធ្វើការមួយពេលនៅបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអង្គការសហប្រជាជាតិ មុនពេលត្រឡប់មកប្រទេសកំណើតវិញ។ នៅខែកញ្ញា ឆ្នាំ២០០៦ ព្រះនាងត្រូវបានតែងតាំងជាមេធាវីនៅការិយាល័យអគ្គមេធាវីក្នុងខេត្ត Udon Thani ។
ចាប់ពីខែកុម្ភៈ ឆ្នាំ 2021 ព្រះនាងផ្ទេរទៅបញ្ជាការដ្ឋានសន្តិសុខ ទទួលតំណែងជាអគ្គសេនាធិការ និងត្រូវបានដំឡើងឋានន្តរស័ក្តិជាឧត្តមសេនីយ៍៕ ដោយធីរីណា
រូបថត : AP