ភ្នំពេញ : ក្រសួងការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់នេះបានបញ្ជាក់ថា, ស្របពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអនុស្សាវរីយ៍អាស៊ាន–សហភាពអឺរ៉ុប នៅទីក្រុង ព្រុចសែល លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសហភាពអឺរ៉ុបសំខាន់ៗ ដែលរួមមាន លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុបសម្រាប់ភាពជាដៃគូអន្តរជាតិ លោក Josep Borrell Fontelles តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខគោលនយោបាយ និង ជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោកជំទាវ Tanja Fajon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃប្រទេសស្លូវេនី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ដល់១៤ ខែធ្នូ ឆ្នាំ២០២២។ I- ជំនួបជាមួយលោកជំទាវ Jutta Urpilainen
ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី លោកឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន មានប្រសាសន៍កោតសរសើរភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-EU និងការរួមចំណែកដ៏សំខាន់របស់ EU ដល់ការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបភាគី EU អំពី ការរីកចម្រើនប្រកបដោយស្ថេរភាព ក្នុងវិស័យលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា ដោយ បានគូសបញ្ជាក់អំពីការតាំងចិត្តដ៏រឹងមាំរបស់កម្ពុជា ក្នុងការធានា និងការពារនីតិរដ្ឋ។ ជាការឆ្លើយតប លោកស្រី Urpilainen បានជម្រាបអំពីឆន្ទៈរបស់ E ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងគាំទ្រកិច្ច ខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់ការចាកចេញពីឋានៈជាប្រទេស LDCs នៅឆ្នាំ២០២៧ សំដៅជួយ កសាងនូវការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាព។ បន្ថែមពីនេះ លោកស្រី Urpilainen ក៏បាន ឲ្យដឹងដែរថា EU ទើបតែបានអនុម័តនូវថវិកាប្រមាណ ២៩ លានអឺរ៉ូ ដើម្បីគាំទ្របន្ថែមទៀតដល់វិស័យ អប់រំនៅកម្ពុជា។
ក្នុងក្របខ័ណ្ឌការងារអាស៊ាន-EU លោកឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការចូលរួមរបស់ ឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ដែលបានឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តដ៏មុតមាំនៃភាពជាដៃគូអាស៊ាន–សហភាពអឺរ៉ុប។ លោកស្រី Urpilainen បានកោត សរសើរចំពោះតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ក្នុងការដឹកនាំអាស៊ាន និងដៃគូសន្ទនារបស់ខ្លួន នៅក្នុងឆ្នាំដ៏លំបាកនេះ ហើយបានរំលឹកសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ EU សម្រាប់ការពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រអាស៊ាន-EU តាមរយៈការជំរុញការវិនិយោគជាមួយនឹងថវិកាប្រមាណ ១០ ប៊ីលាន អឺរ៉ូ នៅក្នុងតំបន់អាស៊ានសម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២៧ ស្ថិតក្រោមគំនិតផ្តួចផ្តើមច្រកទ្វារសកល (The Global Gateway) របស់ EU ដោយផ្តោតលើការផ្លាស់ប្តូរឌីជីថល ការវិនិយោគ ហេដ្ឋារចនា សម្ព័ន្ធគុណភាព និងការតភ្ជាប់ប្រកបដោយនិរន្តរភាព។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ Urpilainen ក៏បាន ផ្លាស់ប្តូរទស្សនៈអំពីប្រធានបទមួយចំនួនពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយ បារម្ភរួមផងដែរ។
II- ជំនួបជាមួយ លោក Josep Borrell Fontelles
លោក Borrell បានចូលរួមអបអរសាទរដល់កម្ពុជាចំពោះភាពជោគជ័យក្នុងនាមជាប្រធាន អាស៊ាន និងបានអរគុណកម្ពុជាដែលបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការគាំទ្រ និងចូលជា co-sponsor លើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន ក៏ដូចជា ការរួមចំណែកក្នុងការបញ្ចូនអ្នកជំនាញកម្ពុជាទៅជួយបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនផងដែរ។ ឆ្លៀតក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគី EU ផងដែរថាបើទោះជាភាព ជាប្រធានអាស៊ានរបស់កម្ពុជាស្ថិតចំពេលដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈម និងស្មុគ ស្មាញជាច្រើនក៏ដោយ អាស៊ាននៅតែអាចសម្រេចបាននូវសមិទ្ធផលសំខាន់ៗដែលក្នុងនោះរួមមានការ ដាក់ចេញនូវឯកសារលទ្ធផលចំនួន១៣០ឯកសារ។ ទន្ទឹមនេះ អាស៊ានក៏បានឯកភាពជាគោលការណ៍ ទទួលប្រទេសទីម័រជាសមាជិកទី១១របស់អាស៊ានផងដែរ។ ចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំអាស៊ាន បានដាក់ចេញនូវសេចក្ដីសម្រេចចិត្តចំនួន១៥ចំណុច ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ប្រាំចំណុច ក្នុងការនាំប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់មកប្រក្រតីភាពវិញ។
លោក : Borrell បានជម្រាបជូនថា EU ពិតជាមានការចាប់អារម្មណ៍ក្នុងការជំរុញ និង ពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-EU ឱ្យដល់កម្រិតថ្មីមួយបន្ថែមទៀត ស្ថិតក្រោមការគាំទ្រពីគំនិតផ្តួច ផ្តើមច្រកទ្វារសកលរបស់ EU។ លោក Borrell បានអបអរសាទរចំពោះការត្រៀមចាកចេញរបស់ កម្ពុជាពីប្រទេស LDCs ដែលនឹងរួមចំណែកដល់ការពង្រីកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-EU ក្នុង ដំណាក់កាលថ្មីទៀត។ ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះ ការរីកចម្រើនជាលំដាប់នៃកិច្ចសហប្រតិបត្តិការនិងបានគូសបញ្ជាក់អំពីភាពប្រសើរឡើងគួរ ឱ្យកត់សម្គាល់របស់កម្ពុជាលើផ្នែកលទ្ធិប្រជាធិបតេយ្យ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អ្នកជាសង្កេតកាលពីដើមខែមិថុនាឆ្នាំនេះត្រូវបានវាយតម្លៃថាបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ជាមួយ នឹងអត្រាអ្នកទៅបោះឆ្នោតជាង៨០% និងមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយ ចំនួន១៧គណបក្ស លោកឧបនាយករដ្ឋមន្ត្រីក៏បានអញ្ជើញសហភាពអឺរ៉ុប ក៏បញ្ជូនអ្នក សង្កេតការណ៍បោះឆ្នោតនៅកម្ពុជា នៅឆ្នាំ២០២៣ ផងដែរ។
III- ជំនួបជាមួយលោកស្រី Tana Fajon
ភាគីទាំងពីរបានឯកភាពគ្នាជម្រុញទំនាក់ទំនងទ្វេភាគីកម្ពុជា–ស្លូវេនី ឱ្យកាន់តែរឹងមាំថែមទៀត ហើយដើម្បីសម្រេចគោលដៅនេះ ប្រទេសទាំងពីរបានឯកភាពគ្នានឹងចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាស្តីពីការបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ក្នុងកម្រិត ថ្នាក់អគ្គនាយក។ភាគីទាំងពីរសង្ឃឹមថាជំនួបរវាងអគ្គនាយកនៃប្រទេសទាំងពីរនឹងអាចធ្វើឡើងនៅ ត្រីមាសទី១ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីត្រៀមរៀបចំសម្រាប់ការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៅប្រទេសស្លូវេនី តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីស្លូវេនី។
លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការយកចិត្តទុកដាក់របស់កម្ពុជាចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយសម្តេចតេជោនាយករដ្ឋមន្ត្រីមានការរីករាយនឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនី ដែលក្នុងឱកាសនោះឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី មួយចំនួននឹងត្រូវបានចុះហត្ថលេខាផងដែរ៕
ដោយ : សុខ ខេមរា