ប្រទេសប៊ែលហ្សិក : សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីហ្វាំងឡង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
ជំនួបនេះ គឺបានឆ្លុះបញ្ចាំងពីអ្វីដែលប្រទេសនៅតំបន់អឺរ៉ុបបានយកចិត្តទុកដាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជា ដែលជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។ លោកស្រីបានអបអរសាទរចំសម្ដេចតេជោ ចំពោះការងារទាំងឡាយដែលសម្ដេចតេជោបានដឹកនាំក្នុងនាមជាប្រធានអាស៊ានកន្លងមកនេះ។លោកស្រីក៏បានអរគុណសម្ដេចតេជោផងដែរ ចំពោះការងារកម្ពុជាដែលពាក់ព័ន្ធនឹងអង្គការសហប្រជាជាតិដែលបានបោះឆ្នោតមហាសន្និបាតនាពេលកន្លងទៅដែលគាំទ្រពីសភាពការណ៍នៅអ៊ុយក្រែន។
ពាក់ព័ន្ធទៅនឹងទំនាក់ទំនងទ្វេភាគី លោកស្រីបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អ ហើយលោកជំទាវចង់បន្តជំរុញបន្ថែមទៀតរវាងប្រទេសយើងទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់ជុំវិញស្ថានភាពនៅមីយ៉ាម៉ា និងបញ្ហាពិភពលោកផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អរគុណលោកស្រី ចំពោះការគាំទ្រដល់កម្ពុជាដែលជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។ សម្ដេចតេជោបានមានប្រសាសន៍ថាសម្រាប់ឆ្នាំ២០២២នេះ មានបញ្ហាប្រឈមជាច្រើនក្នុងនាមជាប្រធានអាស៊ាន ហើយបញ្ហានោះទាំងអស់នោះជាបញ្ហាក្តៅ។ សម្ដេចតេជោបានមានប្រសាសន៍ថា ប្រទេសយើងទាំងពីរ គឺមានគោលដៅរួមស្រដៀងគ្នា ក្នុងពេលបច្ចុប្បន្ននេះ ហើយសម្ដេចតេជោក៏បានលើកឡើងអំពីសារៈសំខាន់ នៃប្រទេសហ្វាំងឡង់កន្លងទៅនេះ ក្នុងប្រវត្តិសាស្ត្រ ជាពិសេសពាក់ព័ន្ធទៅនឹង ប្រទេសហ្វាងលង់ដែលជាទីកន្លែងក្នុងការចរចារវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដើម្បីចរចាក្នុងការកំណត់ការផលិតអាវុធទាំងសងខាងនោះ។
សម្ដេចតេជោក៏បានមានប្រសាសន៍អំពីតួនាទីកម្ពុជា ក្នុងការគាំទ្រដល់ការងារមនុស្សធម៌ ដែលកម្ពុជា នឹងបញ្ជូនគ្រូដោះមីន ដើម្បីបង្ហាត់ដល់អ្នកដោះមីននៃប្រទេសអ៊ុយក្រែន និងទទួលសិស្សដោះមីនពីប្រទេសឲ្យក្រែនមកកម្ពុជាផងដែរ។ សម្ដេចតេជោបានមានប្រសាសន៍ទៀតថា សម្ដេចពិតជាចង់ឃើញ ការកើនឡើងពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ទោះបីបច្ចុប្បន្នមានទំនាក់ទំនងពាណិជ្ជកម្មក៏ដោយក៏ប៉ុន្តែនៅមានកម្រិត។សម្តេចតេជោក៏បានស្វាគមន៍ចំពោះការបង្កើត នៃកុងស៊ុលកិត្តិយសរបស់ប្រទេសហ្វាំងឡង់ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចតេជោបានមានប្រសាសន៍ថា ការងារអទិភាពទី១របស់កម្ពុជា គឺផ្ដល់ទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សនេះឯង។សម្ដេចក៏បានស្នើឱ្យហ្វាងឡង់ជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើផ្នែកការទូតដែលបច្ចុប្បន្នយើងមានវិទ្យាស្ថានការទូតនៅក្រសួងការបរទេស។ ជាចុងក្រោយ សម្ដេចតេជោក៏បានស្នើឲ្យលោកជំទាវនាយករដ្ឋមន្ត្រីហ្វាងឡង់ ក្នុងការជំរុញអ្នកវិនិយោគហ្វាងឡង់មកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាបន្ថែមទៀតនៅពេលខាងមុខ៕
ដោយ : សិលា