ប្រទេសប៊ែលហ្សិក : នៅក្នុងឱកាសអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ ដែលជំនួបនេះត្រូវបានធ្វើឡើងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
លោកអធិការបតីអាល្លឺម៉ង់បានស្វាគមន៍សម្ដេចតេជោ និងអរគុណសម្ដេចតេជោក្នុងនាមជាប្រធានដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ។ លោកបានមានប្រសាសន៍ថា លោកពិតជារីករាយ ចំពោះអ្វីដែលកម្ពុជាកំពុងតែអភិវឌ្ឍន៍ ជាពិសេសទៅលើវិស័យថាមពល ដែលកម្ពុជាប្រើប្រាស់ថាមពលដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកបានមានប្រសាសន៍ទៀតថា អ្វីដែលឯកឧត្តមចង់ឃើញនោះ អាល្លឺម៉ង់ និងប្រទេសកម្ពុជា នឹងបន្តសហការគ្នា ទៅលើវិស័យដែលយើងមានស្រាប់ ជាពិសេសលើវិស័យថាមពលនេះតែម្ដង។
លោកពិតជាអបអរសាទរចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមចំណែកដល់ប្រទេសក្នុងតំបន់អឺរ៉ុប ជាពិសេសដល់ការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិនេះ ដែលឆ្លុះបញ្ចាំងពីគោលជំហររបស់ប្រទេសកម្ពុជា ហើយឯកឧត្តមពិតជារីករាយដែលបានឃើញកម្ពុជា ចូលរួមចំណែកក្នុងការដោះមីននៅប្រទេសអ៊ុយក្រែន ហើយប្រទេសអាល្លឺម៉ង់ និងចូលរួមសហការក្នុងបញ្ហានេះផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ លោកអធិការបតីអាល្លឺម៉ង់ ដែលគាំទ្រកម្ពុជានៅឆ្នាំ២០២១ ក្នុងនាមជាប្រទេសដែលរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងឆ្នាំ ២០២២ក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននេះ។ សម្ដេចតេជោក៏បានអរគុណដល់អាល្លឺម៉ង់ផងដែរដល់ដំណើរការការពារសន្តិភាព និងដំណើរការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍លើកពីភាពជាដៃគូរវាងប្រទេសទាំងពីរដែលផ្អែកទៅលើកិច្ចសន្ទនាដែលមានជាប្រចាំ រវាងប្រទេសកម្ពុជា និងប្រទេសអាល្លឺម៉ង់។ សម្ដេចតេជោក៏បានស្នើសុំឲ្យប្រទេសយើងទាំងពីរ បន្តជំរុញការវិនិយោគលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេសពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថាមពលនៅក្នុងប្រទេសកម្ពុជានោះ សម្ដេចតេជោបានមានប្រសាសន៍ថា ផ្ទៃដីកម្ពុជាមានប្រមាណជា៦២% ជាដីដែលមានថាមពលស្អាត ដែលចូលរួមចំណែកក្នុងការការពារបរិស្ថាននេះ។សម្តេចតេជោក៏បានមានប្រសាសន៍ ពាក់ព័ន្ធទៅនឹងការបញ្ជូនគ្រូដោះមីនទៅជួយប្រទេសអ៊ុយក្រែន មានការចូលរួមពីប្រទេសជប៉ុនផងដែរ។
ក្នុងជំនួបនេះ សម្ដេចតេជោ និងឯកឧត្តមអធិការប្ដីអាល្លឺម៉ង់ ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នា ជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន
ហើយសម្ដេចតេជោក៏អបអរសាទរចំពោះ លោកអធិការបតីដែលបានខិតខំ ក្នុងកិច្ចការងារនេះ ជាពិសេសកន្លងទៅឯកឧត្តមបានជួបជាមួយនឹងឯកឧត្តមប្រធានាធិបតីចិន ក្នុងការធ្វើយ៉ាងណាដើម្បីកុំឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ៕
ដោយ : សិលា