ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ព្រោះតែភ្លើងប្រចណ្ឌបានយកកាំបិតចុងស្រូចចាក់សម្លាប់សង្សាររបស់ខ្លួនត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋានខេត្តនារសៀលថ្ងៃទី១៦ ខែធ្នូធ្ឆ្នាំ២០២២នេះ។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានមានប្រសាសន៍ថា នៅវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីឃាតកម្មមួយស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ លោកបន្តថា ដោយរឿងហេតុដំបូងឡើយ ជនសង្ស័យឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកើតហេតុខាងលើបានឈ្លោះជេរប្រកែកជាមួយអ្នកជិតខាងផ្ទះមានចម្ងាយពីគ្នាប្រហែល៨ម៉ែត្រឈ្មោះឌិញ មិថុនា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ហើយពេលនោះជនសង្ស័យមានសភាពស្រវឹងស្រា ភ្លាមនោះដែរឈ្មោះ រី រឿង ជនរងគ្រោះ(សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ដែលបានមកស្នាក់នៅជាមួយឈ្មោះឌិញ មិថុនា បានស្រែកតបតទៅជនសង្ស័យខាងលើ ហើយភ្លាមនោះជនសង្ស័យបានយក កូនកាំបិតចេញមកក្រៅតែពុំទាន់បានធ្វើសកម្មភាពអ្វីទេ ហើយជនសង្ស័យបានចូលទៅក្នុងផ្ទះវិញនិងបានបិទភ្លើង បិទទ្វារផ្ទះ។ តែពេលនោះឈ្មោះឌិញ មិថុនា បានស្រែកថា ជេរអញង៉ែងៗដាច់សាច់ហើយបានចូលដេក ពេលនោះជនសង្ស័យបានជេរតបតវិញ ចំណែកឈ្មោះ រី រឿង (សាកសព) ក៏បានជួយជេរទៅកាន់ជនសង្ស័យដែរ ភា្លមៗនោះជនសង្ស័យបានចេញពីផ្ទះកាន់កូនកាំបិត ហើយចាក់ទៅលើឈ្មោះ រី រឿង (សាកសព) ចំដើមទ្រូងខាងឆ្វេង និងដាច់ចិញ្ចើមខាងស្ដាំបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ចំពោះជនសង្ស័យមានរបួសចំកដៃខាងឆ្វេង ពេទ្យបានរុំបង់របួស ។
ឈ្មោះ រី រឿង (សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិទួលព្រំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាន ដើម្បីសួរនាំ។
ជនសង្ស័យឈ្មោះ ហុង ហ៊ាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានផឹកស្រាស្រវឹង ហើយប្រចណ្ឌជាមួយសង្សាឈ្មោះ រី រឿង (សាកសព) ដែលទៅស្រលាញ់ជាមួយឈ្មោះ ឌិញ មិថុនា ហើយខ្លួនក៏បានយកកូនកាំបិតចាក់ទៅលើ ឈ្មោះ រី រឿង (សាកសព) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ពិតប្រាកដមែន។
លុះមកដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបន្ទាយមានជ័យបង្កើតគណៈកម្កការត្រួតពិនិត្យលើ
សាកសពឈ្មោះ រី រឿង ភេទស្រី អាយុ ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិ
ទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះរបស់ឈ្មោះ ឌិញ មិថុនា ភេទស្រី អាយ៣៦ឆ្នាំ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយមានស្លាកស្នាមលើសាកសពនៅផ្នែកក្បាល នៅចុងចិញ្ចើមផ្នែកខាងស្តាំ មានស្នាមមុតដាច់ប្រវែង៦ ស.ម ជម្រៅដល់ឆ្អឹង, ផ្នែកដងខ្លួន មានស្នាមចាក់ក្រោមបំពង់ក លើដើមទ្រូង ប្រវែង៤ស.ម ជម្រៅ៨ ស.ម, ផ្នែកអវយវ: ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ។
ក្រោយពីការពិនិត្យរបស់គណៈកម្កការរួចហើយ សពជនរងគ្រោះបានប្រគល់ជូន ទៅបងប្រុសបង្កើតសាកសពឈ្មោះ រី នឿន ភេទប្រុស អាយុ៣២ ឆ្នាំ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិទួលព្រុំ ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្ត បាត់ដំបង។ ចំណែកជនសង្ស័យកម្លាំងនគរបាលក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីសួរនាំនិងចាត់ការបន្ត៕ ដោយ៖ វណ្ណា