លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក អូឡាហ្វ ឆ្លុលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់ ទីក្រុងព្រុចសែល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ពី សេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃជំនួបទ្វេភាគីរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក អូឡាហ្វ ឆ្នូលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់ ទីក្រុងព្រុចសែល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២

ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាទ្វេភាគី ជាមួយ លោក អូឡាហ្វ ឆុលស៍ អធិការបតីសហព័ន្ធអាល្លឺម៉ង់។

ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្ដីពេញចិត្ត ចំពោះវឌ្ឍនភាពដែលកម្ពុជា និងអាល្លឺម៉ង់សម្រេចបានរួមគ្នា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយសម្ដេចតេជោនាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនឹងបន្តរីកចម្រើនលើវិស័យនានា ដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចជាពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ចឌីជីថល ធនធាន មនុស្ស និងសហគ្រាសខ្នាតមីក្រូ ធុនតូច និងមធ្យម ជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អាល្លឺម៉ង់ ដែលបាន លក់ម៉ាស៊ីនភ្លើង ២០០មេហ្គាវ៉ាត់ មកឱ្យកម្ពុជាក្នុងឆ្នាំ២០១៩ ដើម្បីបំពេញតម្រូវការថាមពល ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចែករំលែកជូន លោក អូឡាហ្វ ឆុលស៍ ថា បច្ចុប្បន្ននេះ ថាមពលកកើតឡើងវិញចូលរួមចំណែកដល់ទៅ ៦២ភាគរយនៃ ការផ្គត់ផ្គង់ថាមពលរបស់កម្ពុជា ហើយកម្ពុជាមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំឆ្ពោះទៅរកថាមពលស្អាត និងបៃតង នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ជាការឆ្លើយតប លោក អូឡាហ្វ ឆុលស៍ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ កម្ពុជា ក្នុងការជំរុញការអភិវឌ្ឍ និងការកែលម្អសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោក ក៏បាន ស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអនាគតបៃតង និងបានបង្ហាញពីការត្រៀមខ្លួន របស់អាល្លឺម៉ង់ដើម្បីគាំទ្រក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ ពាក់ព័ន្ធនឹងបញ្ហាថាមពល លោក អធិការបតី បានចែករំលែកជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ថា អាល្លឺម៉ង់កំពុងបង្កើនកិច្ចខិតប្រឹង « ប្រែងរបស់ខ្លួនទ្វេដង ដើម្បីក្លាយជាប្រទេសឯករាជ្យខាងថាមពល ហើយបានលើកឡើងថា បានធ្វើការសម្រេចចិត្តត្រឹមត្រូវ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រថាមពលរបស់ខ្លួន។

លោក អូឡាហ្វ ឆុលស៍ ក៏បានរៀបរាប់សង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាល្លឺម៉ង់ក្នុង ការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសកិច្ចសន្ទនាជាច្រើនរបស លោកជាមួយរុស្ស៊ី ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពី នេះ លោកអធិការបតី បានសម្តែងនូវការជំទាស់យ៉ាងខ្លាំងចំពោះការប្រើ ឬការគំរាមកំហែង នុយក្លេអ៊ែរ និងបានគូសបញ្ជាក់ថា ការប្រើប្រាស់នុយក្លេអ៊ែរមិនថាតូច ឬធំទេ នឹងបង្កផលវិបាកដ៏ មហន្តរាយ។ លោកអធិការបតី ក៏បានបន្ថែមថា គិតត្រឹមពេលនេះ មានជនភៀសខ្លួនអ៊ុយក្រែន នៅអឺរ៉ុបមានចំនួនរាប់លាននាក់ ក្នុងនោះមាន១លាននាក់ នៅអាល្លឺម៉ង់ទៅហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញថា កម្ពុជាជាប្រទេសដែលផ្អែកលើច្បាប់ និងមានទំនួលខុសត្រូវ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់ បទដ្ឋាន និងគោលការណ៍ទាំងឡាយដែលទទួលស្គាល់ជាសកល ហើយជំទាស់ដាច់ខាតចំពោះការ កាត់យកទឹកដី ការប្រើប្រាស់ និងការគំរាមកំហែងកម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យណាមួយ។ សម្ដេចតេជោ ក៏បានជម្រាបជូន លោកអធិការបតី ផងដែរថា កម្ពុជាបានចូលរួមជាប្រទេសសហ ស្ថាបនិកនៃសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាទាំងនេះ និងបានចេញសេចក្ដី ថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងឋានៈជាប្រធានអាស៊ាន ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជា បន្ទាន់ និងការវិលទៅរកកិច្ចសន្ទនា ដែលទាំងនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការប្ដេជ្ញាចិត្តរបស់ កម្ពុជាចំពោះកាតព្វកិច្ចអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានជំនឿថា អាល្លឺម៉ង់មានតួនាទីសំខាន់ក្នុងការនាំមកនូវ ដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន។ ជាងនេះទៅទៀត សម្ដេចតេជោ បាន បង្ហាញក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងឡាយនឹងចៀសវាងពីសកម្មភាពនានាដែលអាចបង្កើនអំពើ ហិង្សាថែមទៀត ហើយនឹងមានការបង្កើតបរិយាកាសមួយដែលអំណោយផលសម្រាប់ផ្តល់ជំនួយ មនុស្សធម៌ជូនអ្នកដែលត្រូវការបំផុត។ សម្តេចតេជោ ក៏បានជម្រាបជូន លោកអធិការបតី ផងដែរ ថា កម្ពុជានឹងរៀបចំវគ្គបណ្តុះបណ្តាលផ្តល់ជូនអ្នកដោះមីនអ៊ុយក្រែនចំនួន ១៥នាក់ នៅរាជធានី ភ្នំពេញ នៅក្នុងខែមករា ឆ្នាំ២០២៣ខាងមុខ ហើយកម្ពុជានឹងបញ្ជូនក្រុមជំនាញការដោះមីនទៅ រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់អ្នកដោះមីនអ៊ុយក្រែនបន្ថែមទៀត នៅប៉ូឡូញ នៅក្នុងខែមេសា ឆ្នាំ ២០២៣ ដោយមានការគាំទ្រពីប្រទេសជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្ត្រី និង លោកអធិការបតី អូឡាហ្វ ឆុលស៍ បានចែករំលែក ទស្សនៈដូចគ្នាអំពីសារសំខាន់នៃកិច្ចសន្ទនាដោយសន្តិវិធីក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយ ទន្ទឹងរង់ចាំធ្វើការរួមគ្នាដើម្បីជួយនាំមកនូវសន្តិភាព និងស្ថិរភាពជូនប្រជាជនអ៊ុយក្រែន។ លើសពី នេះ សម្ដេចតេជោ និងលោកអធិការបតី បានសម្តែងនូវសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះភាព ជោគជ័យក្នុងការៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីរំលឹកខួប លើកទី៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនានៃតំបន់ទាំងពីរ៕ ៌ 

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print