កម្លាំងទាហានថ្មើរជើងអាមេរិកបានឈរជើងនៅក្នុងប្រទេសអេស្តូនីដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូក្នុងការពង្រឹងវត្តមានយោធារបស់ខ្លួននៅលើផ្នែកខាងកើតជាប់ជាមួយរុស្ស៊ី។
នៅថ្ងៃទី១៧ ខែធ្នូ ក្រសួងការពារជាតិអេស្តូនីបាននិយាយថា កងទាហានថ្មើរជើងអាមេរិកមួយក្រុមបានទៅដល់ប្រទេសអេស្តូនី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការណាតូក្នុងការពង្រឹងព្រំដែនភាគខាងកើត ប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី។
ដោយសំដៅដល់ការមកដល់នៃកងទ័ពអាមេរិក លោកវរសេនីយ៍ឯក Mati Tikerpuu មេបញ្ជាការកងពលតូចថ្មើរជើងទី២ នៃកងកម្លាំងស្វ័យការពារអេស្តូនីបាននិយាយថា លោកសង្ឃឹមថានឹងអាច “បង្កើនការសម្របសម្រួលប្រយុទ្ធក្នុងចំណោមកងទ័ពសមាជិកណាតូនៅកម្រិតកងពលតូច” ។
វរសេនីយ៍ឯក Richard Ikena មេបញ្ជាការកាំភ្លើងធំនៃកងពលធំថ្មើរជើងទី១ របស់សហរដ្ឋអាមេរិក បាននិយាយថា យោធាសហរដ្ឋអាមេរិក “រីករាយក្នុងការមានវត្តមាននៅក្នុងប្រទេសអេស្តូនី ដោយសង្ឃឹមថានឹងបានកៀកស្មាជាមួយកងកម្លាំងសម្ព័ន្ធមិត្ត” ។
លោក Ikena បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏មានគម្រោងដាក់ពង្រាយកងអនុសេនាតូចនៃកាំភ្លើងធំ HIMARS ទៅកាន់ប្រទេសអេស្តូនី រួមជាមួយនឹងឧបករណ៍ប្រព័ន្ធបញ្ជា និងប្រព័ន្ធដែលពាក់ព័ន្ធផងដែរ។
រដ្ឋមន្ត្រីការពារជាតិ Hanno Pevkur បាននិយាយថា នេះនឹងអនុញ្ញាតឱ្យយោធាអេស្តូនី “រៀន” ពីរបៀបដំណើរការប្រព័ន្ធបាញ់រ៉ុក្កែតច្រើន មុនពេលប្រទេសនេះទទួលបានប្រព័ន្ធមីស៊ីល HIMARS នៅឆ្នាំ 2025 ពីអាមេរិក។
ក្រសួងការពារជាតិអេស្តូនីបាននិយាយថា ការមកដល់នៃកងទ័ពអាមេរិកបានបង្ហាញពី “តម្លៃនិងផលប្រយោជន៍រួម” របស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតាលីន ហើយនិងបង្ហាញពី “ទំនាក់ទំនងការពារជាតិ និងសន្តិសុខដ៏ល្អ” រវាងប្រជាជាតិទាំងពីរ។
មន្ត្រីយោធានៅទីក្រុង Tallinn បានសន្មតថា តម្រូវការបង្កើនវត្តមានរបស់អង្គការណាតូនៅក្នុងប្រទេសនេះ ដោយសារតែ “បរិយាកាសសន្តិសុខកាន់តែយ៉ាប់យ៉ឺន” នៅអឺរ៉ុប និង “ការឈ្លានពានដោយឥតប្រយោជន៍” របស់រុស្ស៊ីនៅអ៊ុយក្រែន។
ផ្ទុយទៅវិញ រុស្ស៊ីបានថ្កោលទោសម្តងហើយម្តងទៀតចំពោះការប្រមូលផ្តុំកងកម្លាំងរបស់ណាតូនៅជិតព្រំដែនរបស់ខ្លួន ក៏ដូចជាជំនួយឥតឈប់ឈររបស់ លោកខាងលិចដល់អ៊ុយក្រែន។ នេះនឹងធ្វើឱ្យជម្លោះអូសបន្លាយយូរជាងនេះទៅទៀត ៕ ដោយធីរីណា
រូបថត : DW