លោក ម៉ម ប៊ុននាង អញ្ជើញនាំយកអំណោយរបស់សម្តេចប្រធានព្រឹទ្ធសភា ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ភ្នំពេញ : នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប្រគល់ជូនដល់ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់យកទៅប្រគល់ជូនមន្ទីពេទ្យបង្អែកទាំង៩របស់ខេត្ត ស្ថិតនៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោក អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោក ឈើយ ចាន់ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកខេត្ត។
អំណោយដែលនាំយកទៅប្រគល់ជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត នាពេលនោះរួមមាន៖
១-ថ្នាំពេទ្យចំនួន ១៤មុខ ស្មើនឹង១៩០កេស
២-សម្លៀកបំពាក់ចំនួន ២៩កេស
៣-មួកចំនួន ០២កេស
៤-ម៉ាស់ចំនួន ០៨កេស
៥-កាបូបចំនួន ០១កេស
សរុបចំនួន ២៣០កេស ដែលគិតជាទឹកប្រាក់សរុបចំនួន ៣០៦,៦៥២ដុល្លារអាមេរិក។
អំណោយដ៏ថ្លៃថ្លាខាងលើនេះ គឺជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្នែកមនុស្សធម៌ រវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គការចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលផ្តោតសំខាន់លើការលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។
ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភ្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ។
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងលោកជំទាវ ដែលបានផ្តល់នូវឱសថ និងសម្ភារវេជ្ជសាស្ត្រជូនដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តនាពេលនេះ នឹងយកទៅបែងចែកទៅ ដល់មន្ទីរពេទ្យបង្អែកទាំង៩ ទូទាំងខេត្ត ដើម្បីប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ នៅក្នុងស្ថានភាពដែល កំពុងមានតម្រូវការចាំបាច់ ៕


ដោយ :សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print