លោក មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ភអំណោយដល់គ្រួសារអតីតយុទ្ធជនពិការ ក្រីក្រ ជួបការលំបាក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ១៥០០គីឡូក្រាម ស័ង្កសី ៦០០សន្លឹក មី៤០កេះ ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ ត្រីខ២០យួរ មុង២០ ជែល១២០ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជនពិការ ក្រីក្រ ជួបការលំបាក ខ្វះទីលំនៅសមរម្យចំនួន ២០គ្រួសារ មកពីក្រុង/ស្រុកចំនួន៤ ក្នុងនោះមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ។ ពិធីនេះក៏ការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុកទាំង៤ផងដែរ ។

ស្ថិតក្នុងឱកាសនេះ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ព្រមទាំងបានបន្តថា លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ទីណាមានបងប្អូនអតីតយុទ្ធជនជួបការលំបាក លោក និងលោកស្រី តែងតែចាត់ចែងក្រុមការងារចុះទៅជួយឧបត្ថម្ភជានិច្ច ។

លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា បានបញ្ជាក់ទៀតថា បើគ្មានបងប្អូនអតីតយុទ្ធជន ចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី តស៊ូប្រយុទ្ធដើម្បីរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ ប្រទេសកម្ពុជាក៏ពុំមានសុខសន្តិភាពដូចសព្វថ្ងៃនេះដែរ ។

ក្រុមគ្រួសារបងប្អូនអតីតយុទ្ធជនទាំង២០គ្រួសារ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ព្រមទាំង លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងក្រុមការងារដែលបានយកចិត្ដទុកដាក់គិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងសូមគោរពជូនពរ លោក លោកស្រី និងក្រុមការងារ សូមមានសុខភាពល្អ ប្រកបបាននូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print