ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់ករណីអំពើលួចមានស្ថានទម្ងន់ទោស (ជិះម៉ូតូឆក់យកទូរស័ព្ទដៃជនបរទេស) កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៥៤ កែងផ្លូវលេខ១៣ ក្នុងភូមិ២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ទី១-ឈ្មោះ ម៉ម សកល ហៅពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២-ឈ្មោះ អាន សុខទិត្យធិរាម ហៅអានជូ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅផ្ទះលេខ៨EoA ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់វត្ថុតាងដកហូតយកបានរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក HONDA Beat ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IU-៣២៤៤ (ជាមធ្យោបាយសម្រាប់ជនសង្ស័យជិះធ្វើសកម្មភាព)។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៣:៥០នាទី មានជនរងគ្រោះ២នាក់(ស្រី១នាក់) ជាជនបរទេស បានដើរតាមបណ្តោយផ្លូវលេខ១៥៤ពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចផ្លូវលេខ១៣ ដោយជនបរទេសជាស្ត្រីកាន់ទូរស័ព្ទនៅដៃ ពេលនោះជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក HONDA Beat ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១IU-៣២៤៤ ឈ្មោះ អាន សុខទិត្យធិរាម ភេទប្រុស អាយុ ១៦ឆ្នាំ ជិះទៅអែបស្តាំដៃជនរងគ្រោះហើយជនសង្ស័យឈ្មោះ ម៉ម សកល ភេទប្រុស អាយុ១៥ឆ្នាំ ដែលអង្គុយខាងក្រោយបានយកដៃស្តាំធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីដៃជនរងគ្រោះបានសម្រេច ភ្លាមៗនោះ ជនរងគ្រោះបានស្រែកឆោឡោនិងបានប្រតាយប្រតប់ជាមួយជនសង្ស័យធ្វើឱ្យជ្រុះទូរសព្ទ័ដៃ ហើយជនរងគ្រោះបានរើសយកទូរសព្ទ័វិញដើរចេញទៅបាត់ទៅ។ ពេលនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានស្រែកឆោឡោថាចោរៗស្របពេលកម្លាំងល្បាតប៉ុស្តិ៍ជ័យជំនះមកដល់ក៏ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ រួមជាមួយវត្ថុតាងម៉ូតូ០១គ្រឿង យកមកប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនទាំង២នាក់ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីជនរងគ្រោះប្រាកដមែន។ បន្ទាប់មកខាងកម្លាំងប៉ុស្តិ៍បានធ្វើតេស្តរកសារធាតុញៀន ជាលទ្ធផលគឺមានសារធាតុញៀនក្នុងទឹកនោម។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់នេះ កម្លាំងប៉ុស្តិ៍បាននិងកំពុងធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ