ភ្នំពេញ : ក្រសួងអប់រំ បានសម្រេចលើកថ្ងៃប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៥ ធ្នូ ២០២២ មករសៀលថ្ងៃទី២២ ខែធ្នូ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងព្រឹកថ្ងៃទី២៣ ខែធ្នូ សម្រាប់បណ្តាខេត្តផ្សេងៗទៀត។
លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ជម្រាបជូន
លោក លោកស្រីប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត
កម្មវត្ថុ៖ ការអញ្ជើញមកទទួលយកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីប្រធាន ជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៥:០០ នាទី និងនៅខេត្តដទៃទៀត នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយ នូវលិខិតឧទ្ទេសនាម ដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមី – ឱ្យមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងតាម មណ្ឌលសំណេរក្នុងរាជធានី ខេត្ត នៅបន្ទប់បូកសរុបរបាយការណ៍ អគាររដ្ឋបាល ចៅពញាហុក ជាន់ទី៥ ដើម្បីយក ទៅបិទផ្សាយនៅតាមមណ្ឌលសំណេរនីមួយៗ តាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើ។ ការបើកស្រោមបញ្ជី ប្រកាសលទ្ធផលប្រឡង ត្រូវធ្វើតាមមណ្ឌលសំណេររៀងៗខ្លួន ដោយមានការចូលរួមពីនាយក នាយិកាគ្រឹះស្ថាន សិក្សាដែលជាមណ្ឌលប្រឡង តំណាងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមាន មណ្ឌលប្រឡង និងតំណាងអាជ្ញាធរដែនដីផងដែរ។ ម្យ៉ាងវិញទៀត ការបើកនេះ ត្រូវមានរបាយការណ៍ ផ្ញើមក នាយកដ្ឋានកិច្ចការប្រឡងវិញ តាមតេឡេក្រាមលេខ 012 736 767 ដោយមានបញ្ជាក់ពីស្ថានភាពស្រោម ដែលមាន បិទស្កុត និងវាយត្រារបស់នាយកដ្ឋានកិច្ចការប្រឡង ពេលវេលាបើកស្រោម បញ្ជីរាយនាម និងហត្ថលេខា របស់អ្នក ចូលរួម(គំរូជូនភ្ជាប់) ៕
ដោយ : សិលា