ខេត្តក្រចេះ៖ អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់គោយន្ដនិងគ្រឿងបន្លាស់ យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ និងបង្កឱ្យខូចខាតទ្រព្យ
សម្បត្តិប្រមាណជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលគេសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅផ្សារស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះនោះ គេសង្កេតឃើញវត្តមានលោក វ៉ា ថន អភិបាលខេត្ត និងលោក អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្តក្រចេះចុះបញ្ជាកម្លាំងជួយធ្វើអន្តរាគមន៍ពន្លត់ដោយផ្ទាល់ផងដែរ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ន ចន្ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ពៅ ដាលីន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មុខរបរលក់ដូរ បានឆេះផ្ទះមួយខ្នងទំហំទទឹង ៥ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រធ្វើអំពីថ្ម ប្រក់ក្បឿង រងការខូចខាតឆេះចូលបន្ទប់ចំនួន០១បន្ទប់ខាងក្រោយជាន់ទី២ និងឆេះឃ្លាំងដាក់អីវ៉ាន់ធ្វើអំពីដែកប្រក់ស័ង្កសីព្រមទាំងអីវ៉ាន់លក់ដូរជាច្រើនទៀត។
លោក សាម ណាល់ អភិបាលស្រុកស្នួលបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២១ធ្នូនេះថា អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋលក់គោយន្ដចំនួន១ខ្នងផ្ទះ និងប៉ះពាល់ដល់ផ្ទះពលរដ្ឋជិតខាងចំនួន២ទៀតនៅសងខាងតែប៉ះតិចតួចទេ។ ចំណែកផ្ទះលក់គោយន្ដខូចខាតទ្រព្យសម្បត្តិប្រមាណជាង៥ម៉ឺនដុល្លារអាមេរិក។
លោកបន្តទៀតថា ក្នុងប្រតិបត្តិការជួយពន្លត់អគ្គិភ័យនោះគឺប្រើរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងរថយន្ដដឹកទឹករបស់ក្រុមហ៊ុនចម្ការកៅស៊ូស្នួលចំនួន២គ្រឿងដោយប្រើទឹកអស់ចំនួន១៥រថយន្ដជួយបាញ់ពន្លត់ ហើយយកអេស្កាវ៉ាទ័រកាយដំបូលចេញទើបបាញ់ទឹករលត់រហូតទល់នឹងម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ទើបរលត់ទាំងស្រុង៕ ដោយ៖ ជីវ័ន្ត