ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី២១ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញមុខក្រុមចោរគាស់ផ្ទះ កាច់កម៉ូតូ ក្នុងក្រុងភ្នំពេញចំនួន ៤នាក់ ក្រោយបង្រ្កាបបានយកសាកសួររហូតបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឱ្យដឹងទៀតថា កម្លាំងជំនាញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ បានចុះប្រតិបត្តិការបទល្មើសជាក់ស្តែង ក្នុងករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះ កាច់កម៉ូតូ)ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១/ ឈ្មោះ ឆាយ តារាពិទ័រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
២/ ឈ្មោះ ផូ សម្ភស្ស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
៣/ ឈ្មោះ ស្រស់ រតនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ
៤/ ឈ្មោះ លន់ រដ្ឋា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ កំពុងធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការឃាត់ខ្លួននាំយកមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ក្រោយពីការសួរនាំជនសង្ស័យ០៤នាក់ខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ០១គ្រឿង ម៉ាកPCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ ពិតប្រាកដមែន។
វត្ថុតាងដកហូតមាន៖ ម៉ូតូ០២គ្រឿងម៉ាកHonda PCX ពណ៌ស សេរីឆ្នាំ២០២១ មិនមានស្លាកលេខ (ម៉ូតូជនរងគ្រោះ), ម៉ាកToday ពណ៌ប្រផេះ មិនមានស្លាកលេខ (ម៉ូតូសំរាប់ធ្វើសកម្មភាព) និងសម្ភារៈសំរាប់ធ្វើសកម្មភាពកាច់ក បច្ចុប្បន្នម៉ូតូខាងលើត្រូវបានប្រគល់ជូនជនរងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕ ដោយ៖សហការី