ខេត្តសៀមរាប : សេចក្តីប្រកាសព័ត៌មានស្តីពីការផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គមមួយចំនួន ជុំវិញករណីធ្វើអត្តឃាត នៅស្រុកអង្គរធំ ខេត្តសៀមរាប
រដ្ឋបាលខេត្តសៀមរាប សូមប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញករណីធ្វើអត្តឃាតនៅស្រុកអង្គរធំ ខេត្តសៀមរាប និងសូមអំពាវនាវដល់សាធារណជនទាំងអស់ប្រើប្រាស់ព័ត៌មាន បណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក(share)បន្ត ដោយគ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្ត មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ៖ នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ អនុរក្សវិទ្យាល័យ ហ៊ុន សែន កំពង់ពពិល គណនីហ្វេសប៊ុក ឈ្មោះ ខ្យល់ និងគណនីបណ្ដាញសង្គមមួយចំនួនទៀត បានផ្សព្វផ្សាយថា មានយុវនារីឈ្មោះ រស់ សំអុន បានចងកសម្លាប់ខ្លួន ព្រោះអន់ចិត្តនឹងប្រឡងធ្លាក់ ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ។ តាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ករណីនេះ គឺបានកើតឡើងពីឆ្នាំ២០១៨ ដោយវិបត្តិផ្លូវចិត្តក្នុងគ្រួសារ មិនពាក់ព័ន្ធការប្រឡងនោះឡើយ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមស្នើដល់ម្ចាស់គណនីទាំងអស់ ដែលបានផុសផ្សព្វផ្សាយតាមបណ្តាញសង្គម សូមកែតម្រូវជាបន្ទាន់ និងកុំបន្តផ្សព្វផ្សាយ ឬចែករំលែកបន្តទៀត។
ក្នុងន័យនេះ រដ្ឋបាលខេត្តសៀមរាប សូមប្រកាសច្រានចោលការផ្សព្វផ្សាយព័ត៌មានជុំវិញករណី ធ្វើអត្តឃាតនៅស្រុកអង្គរធំ ខេត្តសៀមរាប និងសូមអំពាវនាវដល់សាធារណជនទាំងអស់ប្រើប្រាស់ព័ត៌មាន បណ្តាញសង្គម ដោយមានប្រភពច្បាស់លាស់ ជៀសវាងការផ្សព្វផ្សាយ និងចែករំលែក(share)បន្ត ដោយ គ្មានមូលដ្ឋាន ហើយអាចប្រឈមចំពោះមុខច្បាប់។
អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ : សិលា