ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា អាចនឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ ខណៈសម្រាប់ពេញមួយឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិច្រើនជាង ២,២លាននាក់ និងទេសចរផ្ទៃក្នុង ច្រើនជាង ១៣លាននាក់។
ជាក់ស្ដែងលោករដ្ឋមន្ត្រីទេសចរណ៍ នៅក្នុងពិធីបិទសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផល នៃការអនុវត្តកម្មវិធីពង្រឹងសមត្ថភាពពាណិជ្ជកម្មក្នុងវិស័យទេសចរណ៍ កាលពីរសៀលថ្ងៃទី២២ ខែធ្នូម្សិលមិញនេះ បានលេីកឡេីងការរំពឹងទុករបស់កម្ពុជាថា នឹងអាចទទួលបានទេសចរអន្តរជាតិច្រើនជាង ៣លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ គឺដោយសារជាឆ្នាំដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោករដ្ឋមន្រ្តី បានបន្ថែមថា ជាចក្ខុវិស័យ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ត្រូវផ្អែកជាចំបងលើសក្តានុពលដែលយើងមាន ដូចជា កត្តាធនធានវប្បធម៌ និងធម្មជាតិ, កត្តាភូមិសាស្រ្ត, និងកត្តាប្រជាសាស្រ្ត ជាមួយនឹងការគិតគូរជាប់ជាប្រចាំពីការប្រែប្រួលឥតឈប់ឈរនៃតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងការវិវត្តយ៉ាងឆាប់រហ័សនៃបរិបទសេដ្ឋកិច្ច-សង្គម ដែលមានទាំងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។
ក្នុងន័យនេះ យើងនៅមានការងារជាច្រើនទៀត ដែលត្រូវខិតខំធ្វើ និងបន្តធ្វើ ដើម្បីស្តារកំណើនទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវបន្ថែមទៅដល់គ្រប់ក្រសួង-ស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, រដ្ឋបាលថ្នាក់ក្រោមជាតិ, វិស័យឯកជន, ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យបន្តចូលរួមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការស្តារវិស័យទេសចរណ៍កម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងនៃ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ”។
គួរបញ្ជាក់ថា កម្ពុជា គិតត្រឹមរយៈពេល ១១ខែ ឆ្នាំ២០២២នេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ១,៩១លាននាក់ កើនឡើងជាង ១ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ដោយឡែកភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្តក្នុងប្រទេសមានភ្ញៀវទេសចរជាតិមានចំនួនជាង ១១,៦៥លាននាក់ កើនឡើងក្នុងអត្រា ១៨១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងភ្ញៀវទេសចរបរទេសផ្ទៃក្នុង ជាង ១,៦៤លាននាក់ កើនឡើងក្នុងអត្រា ៦០២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១៕ ដោយ៖សហការី