ស្លាប់ម្នាក់​របួសធ្ងន់ស្រាល៤នាក់​ បង្កដោយរថយន្តToyota Prius បុកផ្ទប់បង្គោលពេញទំហឹង​នៅផ្លូវជាតិលេខ៣​

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តម៉ាក​ Toyota Prius មួយគ្រឿងបានបើកបោះពួយយ៉ាងលឿនហេីយរេចង្កូតទៅបុកគាបជាប់បង្គោលភ្លើង​ បណ្ដាលឱ្យខ្ទេចមួយកំណាត់មុខ​ និងធ្វេីឱ្យបុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១​ និង៣០នាទីរសៀលថ្ងៃទី២៦​ខែធ្នូ​ ឆ្នាំ២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។
​    សមត្ថកិច្ចបានឱ្យដឹងថា​ អ្នកបើកបរឈ្មោះ ថេង វណ្ណវា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្រ្តីជាប់កិច្ចសន្យាស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ​ បានរងរបួសស្រាលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង​ ។
​      តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Toyota  Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2BD-6574​ បើកបរដោយបុរសម្នាក់​ និងមានអ្នករួមដំណើរបួននាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុ​ រថយន្តបានរេចង្កូតមកខាងស្ដាំដៃបុកបង្គោលភ្លើងនៅចិញ្ចើមផ្លូវគាបជាប់រងការខូចខាតផ្នែកខាងមុខទាំងស្រុង​ និងបណ្ដាលឱ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ និង៤នាក់ទៀតរបួសធ្ងន់និងស្រាល ។
​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងនិងស្ទូចយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​ ។ ចំណែកសព​ ជនរងគ្រោះត្រូវបានសមត្ថ
កិច្ចធ្វេីកំណត់ហេតុ​ និងស្រាវជ្រាវរកសាច់ញាតិមកទទួល​យកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print