ខេត្តកែប ៖ បុរសម្នាក់បានបាត់ខ្លួននិង៤នាក់ទៀតសង្គ្រោះបានខណៈទូកនេសាទប្រភេទមងកេវ១គ្រឿងបានលិចក្នុងសមុទ្រ ពេលត្រឡប់មកពីនេសាទដល់ចំណុចក្បែរកោះទន្សាយ កាលពីកណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។ តាមការសន្និដ្ឋានថា ទូកលិចបណ្តាលមកពីផ្ទុកលើសចំណុះ ។
លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានរៀបរាប់ថា កាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃទី២៧ខែធ្នូ ទូកអូសមងកេវ១គ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចត្រង់ចំណុចក្បែរកោះទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តកែប សហការជាមួយប្រជានេសាទសហគមន៍ បានតាមរកឃើញទូក និងសង្គ្រោះបុរសបួននាក់ក្នុងចំណោមប្រាំនាក់ រួចនាំមកដីគោកវិញ។
លោកប្រធានបានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ។ មូលហេតុដែលបណ្តាលឲ្យទូកលិចនេះគឺមកការពីផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រីបានច្រើនខុសពីសព្វមួយដង៕ ដោយ៖ សូរិយា