ភ្នំពេញ : នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកយាយមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាមាតាបង្កើតលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៤ម៉២២នាទី ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តទៅនៅគេហដ្ឋាន ផ្ទះលេខ ១៥B ផ្លូវលេខ៤ បុរីភ្នំពេញថ្មីណ័រប្រ៊ីដ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់ជូន លោកស្រី ពុំ ចន្ទីនី នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកថា «មរណភាពរបស់លោកយាយមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ គឺជាការបាត់បង់មាតា ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់ មហាឧបាសិកា តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រពៃ តស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អៗដល់កូន ចៅ និងក្រុមគ្រួសារ ឱ្យក្លាយជាបញ្ញវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត លោកយាយមហាឧបាសិកា តែងតែបានរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។»
ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកយាយមហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សហការី