សារព័ត៌មាន AFP នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung Bak) ដែលបច្ចុប្បន្នកំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេល១៧ឆ្នាំក្រោមបទល្មើសពុករលួយនោះ គឺទទួលបានការលើកលែងទោសហើយនៅថ្ងៃទី២៧ខែធ្នូនេះ។
ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាមួយប្រធានាធិបតីលោក យូន ស៊ុកយុល (Yoon Suk Yeol) រដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង លោក ហាន ដុងហ៊ូន (Han Dong Hoon) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក លី ម្យុងបាក់ ស្ថិតក្នុងបញ្ជីឈ្មោះមនុស្សប្រមាណជាង ១,៣០០នាក់ ដែលទទួលបានការលើកលែងទោសជាពិសេស ដែលធ្វើឡើងក្រោមទស្សនៈនៃការបង្រួបបង្រួមជាតិទូលំទូលាយ តាមរយៈការផ្សះផ្សាអន់ឱន និងត្រិះរិះពិចារណា។
លោក លី ម្យុងបាក់ បានរងការចោទប្រកាន់សរុបចំនួន ១៦បទល្មើស ពាក់ព័ន្ធអំពើស៉ីសំណូកនិងលួចបន្លំថវិកានៅឆ្នាំ២០១៨ ហើយត្រូវបានតុលាការកាត់ទោសនៅឆ្នាំ២០២០។ កាលពីខែមិថុនា លោក លី ដែលសព្វថ្ងៃមានវ័យ៨១ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យចាកចេញពីពន្ធនាគារជាបណ្តោះអាសន្នសម្រាប់រយៈពេល៣ខែ ដោយសារស្ថានភាពអាយុនិងសុខភាពរបស់លោក។
លោក លី ធ្លាប់កាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងទី១០ ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ អ្នកឡើងបន្តតំណែងពីរូបលោក គឺអតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ (Park Guen Hye) ក៏ទទួលបានការលើកលែងទោស កាលពីឆ្នាំ២០២១ផងដែរ ពេលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទពុករលួយនិងរំលោភអំណាច ក្រោយត្រូវសភាបោះឆ្នោតទម្លាក់ពីតំណែងនៅឆ្នាំ២០១៧៕ ដោយធីរីណា
រូបថត : YONHAP NEWS