លោក សាយ សំអាល់ ៖ «សៀវភៅ ស»វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពជាការប្រមូលផ្តុំ គោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្តរួមគ្នា »

ចែករំលែក៖

ភ្នំពេញ ៖ «រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»នេះជាការលើកឡើង របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព នៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពី ព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអន្តរក្រសួងស្ថាប័នពាក់ពទ្ធ សមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថាន ២៥ រាជធានីខេត្ត ក្រុមប្រឹក្សាខេត្ត ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។
លោករដ្ឋមន្រ្តីបានបន្តថា «សៀវភៅ ស»វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពជាការប្រមូលផ្តុំ គោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្តរួមគ្នា ដោយបង្ហាញនូវគន្លឹៈដោះស្រាយបញ្ហាបរិស្ថានស្របតាមការផ្លាស់ប្តូររចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជា ដែលទទួលបានពីសុខ សន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។សៀវភៅ ស ក៏បានលើកឡើងពីវិធានការ បញ្ហាបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹក និងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុសកល ការអភិវឌ្ឍ និងចែកផ្សាយនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងយុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងប្រព័ន្ធឌីជីថលឱ្យកាន់តែច្រើន ស្របតាមបរិបទការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានាដែលពាក់ព័ន្ធ ។
នៅក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញ ពី លោក វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីដំណើរការនៃការរៀបចំ«សៀវភៅស» បទបង្ហាញរបស់ លោក រស់ សាលីន រដ្ឋលេខាធិការ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្តនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ពីខ្លឹមសាររួមនៃសេចក្តីព្រាង «សៀវភៅស» និងការផ្តល់ធាតុចូលបន្ថែម ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែលម្អអោយកាន់តែមានសុង្គតភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានគ្រឹះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាពនយោបាយ និងសន្តិសុខជាតិរបស់ប្រទេស ការតម្កើងគុណតម្លៃតំបន់ និងពិភពលោក។ គួរបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងសៀវភៅស បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៦ សំខាន់
១) លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ
២) ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព
៣) លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន
៤) ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម
៥) ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ
៦) ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍៕

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print