ភ្នំពេញ៖ លោក ហង្ស សាមឿន អនុប្រធាន គ.ជ.គ.ម. និងជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងលោកនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃអង្គារ ៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលសម្ភារសង្រ្គោះក្រោមផ្ទៃទឹក ជូនដល់បញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក នៅទីបញ្ជាការដ្ឋានទ័ពពិសេស។
ថ្លែងនាឱកាសទទួលអំណោយ លោកឧត្តមសេនីយ៍ឯក ចាប ភក្តី ក៏បានអរគុណចំពោះ លោកកិត្តិសង្ហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់សម្តេច លើសមរភូមិសង្គោះគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ គិតគូរ និងបានផ្តល់សម្ភារសង្រ្គោះ ដល់បញ្ជាការដ្ឋានជារៀងរហូតមក។ លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសកម្មភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានព្រមទាំងការចូលរួមរបស់ស្ថាប័នអង្គភាព អង្គការ សមាគម និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេសក្នុងពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក ចាប ភក្តី បានបញ្ជាក់ដែរថា ការជួយឧត្ថម្ភដល់បញ្ជាការដា្ឋនទ័ពពិសេស នាពេលនេះគឺជាកាយវិការប្រកបដោយសប្បុរសធម៌ និងជាគុណូបការៈ ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការត្រៀមបង្ការ សង្រ្គោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។
ក្នុងនាមលោកកិត្តិសង្គហបណ្ឌិត គន់ គីម លោកឧត្តមសេនីយ៍ឯក បានវាយតំលៃខ្ពស់ និងកោតសសើរ ដល់បញ្ជាការដ្ធានទ័ពពិសេស ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ នាពេលកន្លងមក។ បន្ថែមពីនេះលោក ក៏បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចតែងតែគិតគូរ យកចិត្តទុកដាក់ដល់ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើងជាយកថាហេតុ ពីព្រោះគ្រោះមហន្តរាយមិនដឹងកើតឡើងនៅពេលណានោះទេ ហើយជានិច្ចកាល សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ តែងតែបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង ការលំបាករបស់ប្រជាពលរដ្ឋ និងបានត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា គ្រប់ពេលវេលា ព្រមទាំងថែរក្សាសន្តិភាពអោយបានយូរអង្វែងជូនប្រជាពលរដ្ឋរស់នៅ។
លោកឧត្តមសេនីយ៍ឯក ក៏បានបន្ថែមទៀតថា ការបំពាក់ឧបករណ៍ សម្ភារៈបច្ចេកទេស នាពេលនេះ គឺជាការគិតគូរមួយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាពក្រុមការងារជួយសង្គ្រោះពេលហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ដូចជាការបាក់រលំអគារ គ្រោះមហន្តរាយបណ្តាលមកធម្មជាតិ និងឧប្បត្តិហេតុផ្សេងៗទាំងលើគោក លើទឹក និងលើអាកាសផងដែរ៕ ដោយ៖សហការី