ភ្នំពេញ៖ ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៥គ្រួសារ ក្នុងសង្កាត់រលួសខណ្ឌដង្កោ។
អំណោយដែលត្រូវយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រទាំង១៥គ្រួសារ ក្នុងឱកាសនោះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ (មុង១+ភួយ១+ក្រមា១+សារ៉ុង១) និងថវិកា៣ម៉ឺនរៀល។ ជាមួយគ្នាព្រះគ្រូចៅអធិការវត្តព្រះធាតុ សង្កាត់រលួស បានឧបត្ថម្ភបន្ថែមក្នុងមួយគ្រួសារទទួលបាន គ្រឿងឧបភោគ បរិភោគ១កញ្ចប់ ផងដែរ។
លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់ អំពីការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ដែលជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរដល់បងប្អូនទាំងអស់នៅទូទាំងប្រទេស និងតែងបានផ្តាំផ្ញើដល់សាខាអនុសាខាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ និងអជ្ញាធរទាំងអស់ឲ្យយកចិត្តទុកដាក់ដល់ការលំបាករបស់បងប្អូនទាំងអស់នៅមូលដ្ឋាន។ លោកអភិបាល ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំងអស់នាថ្ងៃនេះ។
ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដដាក់ថែរក្សាសុខភាព តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត ដើម្បីបន្តរស់នៅបានយូរអង្វែង រង់ចាំមើលការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិយើងបន្តទៀត៕
...
ដោយ៖ ជីម ភារ៉ា ដង្កោ