ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ ដេីម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកដេីរលេងកម្សាន្តនៅក្នុងក្រុងព្រះសីហនុ កម្លាំងនគរបាលចម្រុះខេត្តព្រះសីហនុ បានដាក់គោលដៅចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងកាលពីយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្រោមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ឯក ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ នៅយប់ថ្ងៃដដែល កម្លាំងនគរបាលទេសចរណ៍ប្រចាំការ ក៏បានចុះល្បាតពេលយប់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ មកលេងកម្សាន្តតាមឆ្នេរសមុទ្រផងដែរ៕ ដោយ៖សហការី