ទីក្រុងតៃប៊ិ ៖ ទីបំផុតក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើឲ្យអ្នកគាំទ្រ ក្នុងប្រទេស មានជំនឿចិត្ត ទៅលើពួកគេបន្ថែមទៀត ក្រោយពីប្រកួតស្មើ ជាមួយ ម្ចាស់ផ្ទះ ចិនតៃបិុក្នុងលទ្ធផល២-២ នៅក្រៅដីក្នុងពហុកីឡដ្ឋានកៅហ្ស៊ុងនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។
ចំពោះលទ្ធផលប្រកួតខាងលើបង្ហាញឲ្យឃើញថា ក្រុមជម្រើសជាតិកម្ពុជា រកបានគ្រាប់បាល់ចំណេញចំនួន២គ្រាប់ដើម្បីជាស្ពានសម្រាប់ឡើងទៅប្រកួតវគ្គបន្ត ប្រសិនបើការប្រកួត ក្នុងដីរបស់ក្រុមកម្ពុជា អាចរកបានលទ្ធផលស្មើដដែល ដូចជាស្មើ ១-១ ឬ ស្មើ ០-០ គឺកម្ពុជាជាអ្នកឡើងទៅវគ្គបន្តពុំខានឡើយ ។
គ្រាប់បាល់ទាំង៤គ្រាប់ក្នុងនោះកម្ពុជា២ គ្រាប់និងក្រុមចិនតៃប៊ិ ២គ្រាប់ខាងលើនេះ គឺធ្វើបានសម្រេចដូចគ្នានៅក្នុងតង់ទី១ទាំងអស់ ។ បើទោះបីក្រុមកម្ពុជា រកគ្រាប់បាល់តាមពីក្រោយ លទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនខ្លាំងរបស់ ខណៈដែលក្រុមកម្ពុជាធ្លាប់លេងឈ្នះក្នុងលទ្ធផល២-0កាលពីឆ្នាំ២០១៤កន្លងទៅ ។
ការប្រកួត រវាងក្រុម ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិតៃប៊ិបានធ្វើឲ្យក្តៅម៉ាស៊ីនតាំងពី៦នាទីដំបូងនៃតង់ទី១ ដោយការទាត់បាល់ហ្វ្រីឃីតរបស់ក្រុមចិនតៃប៊ិបន្តក់ចូលសំណាញ់ទី កម្ពុជា ធ្វើឲ្យ សួយ៉ាទីគាំងហើយនៅនាទីទី៨ កែវ សុខផេង ធ្វើបានសម្រេច១គ្រាប់វិញដោយការបោះបាល់ពីកីឡាករ ចាន់ វឌ្ឍនាការ មកឲ្យកែង សុខផេង តាមស្មើ ១-១ ។ ជាថ្មីម្តងទៀត ក្រុមចិនតៃប៊ិបានបន្តនាំមុខក្រុមកម្ពុជា នៅចន្លោះនាទីទី២៣ប៉ុន្តែក្រោយមកកីឡាករឈិន ឈឿន ធ្វើបានសម្រេច១គ្រាប់តាមស្មើវិញនៅនាទីទី៣២ ដោយសហការគ្នាបានល្អ ជាមួយកីឡាករចាន់ វឌ្ឍនាការ និងកែវ សុខផេង។ អ្វីដែលគូឲ្យសោគស្តាយសម្រាប់ក្រុមកម្ពុជានោះគឺ នៅក្នុងតង់ទី២ មានឱកាសរកគ្រាប់បាល់បន្ថែមនាំមុខក្រុមម្ចាស់ផ្ទះចិនតៃប៊ិ ៣-២ទៅហើយ ប៉ុន្តែជាអកុសល កីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ហើយត្រូវចំណាយកីឡាករ ធារី ចន្ថាប៊ីន ទទួលពិន័យកាតក្រហម(កាតលឿងពីរដង) នៅនាទីទី ៥៥ទៀត ។ សម្រាប់ការប្រកួតក្នុងតង់ទី២នេះ កីឡាករទាំងសងខាងសុទ្ធតែមានរបួសរៀងៗខ្លួន ។ ចំណែកឯកីឡាករម្ចាស់ផ្ទះ ចិនតៃប៊ិឈ្មោះ Chen Hao-wei ក៏ត្រូវរងពិន័យកាតក្រហម ពីលោកអាជ្ញាកណ្តាលជនជាតិឥណ្ឌា នៅនាទីទី ៧៥ ដែលធ្វើឲ្យក្រុមទាំង២មានកម្លាំងស្មើគ្នា។
គួររំលឹកថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកវេលាម៉ោង ៦ កន្លះល្ងាចថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៦។ សំបុត្រមានដាក់លក់ចាប់ពីថ្ងៃទី៤ ខែមិថុនា តទៅ នៅបញ្ជរលក់សំបុត្រ ក្នុងតម្លៃ១ម៉ឺនរៀល និង៥ពាន់រៀល ៕
ដោយ៖ សារីម