ភ្នំពេញ : រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យបញ្ចប់មុខតំណែង លោក ភូ លិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលខេត្តកែប។
បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្តី ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះ ក្នុងខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ថា, លោក ភូ លិ អភិបាលរងខេត្តកែប បានរងការចោទប្រើហិង្សាលើស្រ្តីម្នាក់ដោយគប់កែវចំក្បាលបែកហូរឈាម និងបានបៀតបៀនប្រពន្ធគេ!
អំពើរបស់អភិបាលរងខេត្តកែបរូបនេះ បានកើតឡើង នៅពេលគាត់ស្រវឹងស្រា ក្នុងកម្មវិធីជប់លៀងអបអរសាទរប្រធានមន្ទីរបរិស្ថានថ្មីខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ !
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ពីលោក ភូ លិ ចំពោះរឿងរ៉ាវទាំងនេះឡើយ! ខណៈគ្មានលេខទូរស័ព្ទ ប៉ុន្តែអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” រងចាំការបកស្រាយបំភ្លឺពីលោក ភូ លិ អភិបាលរងខេត្តកែប រៀងរាល់ម៉ោងធ្វើការ ។
ពាក់ព័ន្ធក្នុងករណីនេះ លោក ខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកែប បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” នៅរសៀលថ្ងៃទី 30 ខែធ្នូឆ្នាំ 2022 ថា, ចំពោះបញ្ហាខាងលើនេះ ខាងសមត្ថកិច្ចដែលជាមន្ត្រីនគរបាលយុត្តិធម៌ កំពុងតែ ដុតដៃដុតជើងធ្វើកិច្ចការនេះហើយ ។
ទីបំផុត ! សម្តេចតេជោសម្រេចបញ្ចប់តំណែង លោក ភូ លិ ពីអភិបាលរងខេត្តកែប ដែលប្រើអំពើហិង្សា និងបៀតបៀនលើស្ត្រី ២នាក់ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ៕
ដោយ : សិលា