ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានថ្លែងថា គណបក្សប្រជាជនកម្ពុជាគឺជាស្នូលយ៉ាងរឹងមាំក្នុងការបង្រួបបង្រួមជាតិនាំមកនូវសុខសន្តិភាពយ៉ាងពេញលេញជូនជាតិនិងមាតុភូមិ ព្រមទាំងធ្វើឱ្យប្រទេសជាតិមានកិត្យានុភាពឡើងវិញទាំងនៅក្នុងតំបន់និងលើឆាកអន្តរជាតិ។
ការថ្លែងបែបនេះរបស់ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០២២ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាឃុំម្រាម១៣៩នាក់ (ក្នុងនោះមានបុរស៨៣នាក់ស្ត្រី៥២នាក់ ជាសកម្មជនគណបក្សភ្លើងទៀនចំនួន៥៣នាក់ ស្រី៣០នាក់ គណបក្សខ្មែររួបរួមជាតិ ០២នាក់ ស្រី ០១នាក់ )នាសាលប្រជុំគណបក្សឃុំម្រាមស្រុករមាសហែក។
ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកដល់សមាជិកសមាជិកាគណបក្សដែលបានចូលរួមនាពេលនេះ។
លោកបានថ្លែងនូវការស្វាគមន៍ចំពោះសមាជិកសមាជិកាគណបក្សទើបបានបញ្ចូលថ្មីទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ និងបានចាត់ទុកថា កាយវិការនេះគឺបានបង្ហាញឱ្យឃើញពីការសាមគ្គីជាតិ និងការគាំទ្រនូវកម្មវិធីនយោបាយក៏ដូចជាការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយនាពេលកន្លងមករហូតដល់បច្ចុប្បន្នបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ និងឈានទៅកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាជន ផងដែរ។
ក្នុងឱកាសនោះលោកបានផ្តាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សឃុំម្រាម ទាំងអស់ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុងឱ្យល្អដែលជាកត្តាជ័យជម្នះសម្រាប់យើងនិងបានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើផ្នែកសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសអនុវត្តឱ្យបាននូវភូមិ-ឃុំមានសុវត្ថិភាពទាំង៧ចំណុច សំដៅធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងមានជឿជាក់លើការដឹកនាំរបស់អាជ្ញាធរក្នុងមូលដ្ឋានតាមបណ្ដាឃុំទាំង១៦ក្នុងស្រុករមាសហែកផងដែរ។
បន្ទាប់មក លោកប្រធានគណបក្សប្រជាជនស្រុកក៏បានផ្ដាំផ្ញើដល់បងប្អូនសមាជិកសមាជិកាបក្សដែលមានអត្តសញ្ញាប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញប្រញាប់មកធ្វើថ្មីក្នុងរយៈពេល៣ខែនិងបន្តនាំគ្នាមកចាក់វាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញនិងអញ្ជើញទៅចូលរួមបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខ ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ សុថាន