ភ្នំពេញ៖ ម៉ូតូកង់បី១គ្រឿងបានបើកបរក្នុងល្បឿនលឿនជ្រុសចង្កូតទៅបុកគៀរថយន្តកាមរីបាឡែនដែលកំពុងបើកបរស្របទិសគ្នាពីចំហៀង បណ្ដាលឲ្យរងការខូចខាងទាំងសងខាង រួចម៉ូតូមិនទាន់អត់ល្បឿនជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់២ផ្តាំងថែមទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយផ្លូវព្រះមុនីវង្សកែងផ្លូវលេខ២៤២ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលើញហេតុការណ៍ខាងលើបានឲ្យដឹងថា ដំបូងគឺមានរថយន្តកាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AD-8856 បានបើកបរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូកង់បី១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-2769 បានបើកតាមពីក្រោយស្របទិសគ្នាក្នុងល្បឿនលឿនដោយមិនបានប្រយ័ត្ឋនិងចាប់ហ្វាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តកាមរីបាឡែនចំពីចំហៀងពីតែម្ដងបណ្ដាលឲ្យរថយន្តរងការខូចខាត ហើយម៉ូតូកង់បីមិនទាន់អត់ល្បឿនជ្រុលទៅបុករនាំងដែកមពុះចែកទ្រូងផ្លូវបាក់អស់២ទៀត តែសំណាងល្អមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះធ្វើការវាស់វែងយកម៉ូតូកង់បីបង្កនឹងរថយន្ដនោះយកទៅរក្សាទុកនៅស្នងការចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖ សរស្មី