ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចជួយអន្តរាគមន៍ដេញតាមឃាត់ខ្លួនជនល្មើស២នាក់រួមទាំងវត្ថុតាងរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពឆក់យកកាបូប។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចផ្លូវជាតិលេខ២ មុខហាង៩៩ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ស្រីសៀង ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង មានទីលំនៅភូមិ-សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពបន្តថា ការអន្តរាគមន៍ខាងលើនេះឃាត់ខ្លួនជនសង្ស័យ២នាក់ទី១-ឈ្មោះ គិត តុលា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ
មុខរបរ:មិនពិតប្រាកដ និងទី២-ឈ្មោះ សាន់ រតន: ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
ប្រភពបន្តទៀតថា វត្ថុតាងចាប់យកមានម៉ូតូ១គ្រឿងម៉ាក SCOOPY ពណ៌សលាយផ្កាឈូក គ្មានផ្លាកលេខ, ទូរស័ព្ទដៃ១គ្រឿងម៉ាកMobileពណ៌ខ្មៅ, ទូរស័ព្ទដៃ១គ្រឿងម៉ាក Iphone6 ពណ៌ខ្មៅ ជារបស់ជនល្មើស
ហើយកាបូបស្ពាយ ពណ៌ខ្មៅ១ និងប្រាក់រៀលចំនួន ២០,០០០រៀល ជារបស់ជនរងគ្រោះ។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាកើតហេតុខាងលើពេលដែលជនរងគ្រោះកំពុងតែជិះម៉ូតូម៉ាក SCOOPY ពណ៌ផ្កាឈូកលាយស តែម្នាក់ឯងក្នុងទិសដៅពីភ្នំពេញទៅក្រុងតាខ្មៅដោយស្ពាយកាបូបដាក់ខាងមុខ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែក្រុមជនល្មើសដែលមានគ្នា២នាក់ជិះម៉ូតូ១គ្រឿងម៉ាក SCOOPY ពណ៌សលាយផ្កាឈូក គ្មានផ្លាកលេខ បានជិះមកដល់ទន្ទឹមជនរងគ្រោះហើយម្នាក់អង្គុយខាងក្រោយបានធ្វើសកម្មភាពឆក់កាបូស្ពាយរបស់ជនរងគ្រោះ រួចជិះគេចខ្លួនទៅទិសខាងត្បូង ភ្លាមនោះជនរងគ្រោះក៏បានស្រែកថា ចោរៗ ទើបប្រជាពលរដ្ឋរួមទាំងសមត្ថកិច្ចជួយអន្តរាគមន៍ដេញតាមឃាត់ខ្លួនជនល្មើសបានទាំងពីរនាក់រួមទាំងវត្ថុតាងរួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ក្រោយកើតហេតុ នៅចំពោះមុខសមត្ថកិច្ចជនល្មើសទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះពិតប្រាកដមែន និងប្រើប្រាស់គ្រឿងញៀនពីរបីខែមកហើយ៕
ដោយ៖ ជឺ តុងឡេង