អន្តរជាតិ៖ ទាហាន១០នាក់និងឧក្រិដ្ឋជន១៩នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយដើម្បីចាប់ខ្លួនកូនប្រុសរបស់ស្តេចត្រាញ់ជួញដូរគ្រឿងញៀនជាប់គុក ចាវគីន “អែលឆាប៉ូ” ហ្គូស្មាន់ (Joaquin “El Chapo” Guzman) ជាមួយនឹងការបាញ់ប្រហារដ៏សាហាវនៅអាកាសយានដ្ឋានមួយ។ នេះបេីយោងតាមការបញ្ជាក់ពីរដ្ឋាភិបាល
ម៉ិចស៊ិក ដែលបាននិយាយកាលពីថ្ងៃសុក្រទី៦មករា។
រដ្ឋាភិបាលម៉ិចស៊ិក បាននិយាយបន្ថែមថា ទាហានរាប់ពាន់នាក់បានដណ្តើមយកមកវិញនូវទីតាំងរឹងមាំរបស់ក្រុមជួញដូរគ្រឿងញៀន Sinaloa គឺទីក្រុងគូលីយ៉ាកាន (Culiacan) ដែលស្រដៀងនឹងតំបន់សង្គ្រាមបន្ទាប់ពីខ្មាន់កាំភ្លើងខឹងសម្បាបានបន្តការវាយលុកដើម្បីព្យាយាមរំដោះមេរបស់ពួកគេ។
សូមជម្រាបថា អូវីឌីអូ ហ្កូស្មាន់ (Ovidio Guzman) ត្រូវបានចាប់ខ្លួននៅទីក្រុងភាគពាយព្យនេះកាលពីថ្ងៃព្រហស្បតិ៍ ហើយបានដឹកតាមយន្តហោះទៅកាន់ទីក្រុងម៉ិចស៊ីកូមុនពេលផ្ទេរទៅកាន់ពន្ធនាគារអាល់ធីប្លាណូ (Altiplano) ដែលមានសន្តិសុខខ្ពស់នៅកណ្តាលប្រទេសម៉ិចស៊ិក ជាកន្លែងដែល “អែលឆាប៉ូ” ធ្លាប់រត់គេចខ្លួនបានសម្រេច។
បុរសអាយុ ៣២ ឆ្នាំដែលមានរហស្សនាមថា El Raton (អាកណ្តុរ) បានជួយគ្រប់គ្រងប្រតិបត្តិការជួញដូរគ្រឿងញៀនរបស់ឪពុក ចាប់តាំងពីអតីតមេក្រុមជួញដូរគ្រឿងញៀន Sinaloaរូបនេះត្រូវបានធ្វើបត្យាប័នទៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំ ២០១៧។
លោក ល្វីស ក្រេសិនស្យូ សានដូវ៉ាល់ (Luis Cresencio Sandoval) រដ្ឋមន្ត្រីការពារជាតិ បានប្រាប់អ្នកយកព័ត៌មានថា៖វរសេនីយ៍ឯកម្នាក់ដែលបញ្ជាកងវរសេនាតូចថ្មើរជើងគឺស្ថិតក្នុងចំណោមអ្នកស្លាប់ បន្ទាប់ពីក្រុមរបស់គាត់រងការវាយឆ្មក់ ក្រោយពីការចាប់ខ្លួននេះ។
ជាមួយគ្នានោះ ទាហាន៣៥នាក់ផ្សេងទៀត បានរងរបួសដោយគ្រាប់កាំភ្លើង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈខ្មាន់កាំភ្លើង២១នាក់ត្រូវចាប់ខ្លួន។
លោករដ្ឋមន្ត្រីការពារជាតិ បាននិយាយថា យន្តហោះស៊ីវិលមួយគ្រឿងដែលហៀបនឹងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិគូលីយ៉ាកានក៏ដូចជាយន្តហោះរបស់កងទ័ពអាកាសម៉ិចស៊ិកពីរគ្រឿងត្រូវបានវាយប្រហារដោយការបាញ់ប្រហារដោយកាំភ្លើង ខណៈដែលពួកជួញដូរគ្រឿងញៀនបានព្យាយាមរំដោះ អូវីឌីអូ គូស្មាន់។
រដ្ឋមន្ត្រីការពារជាតិ លោកសានដូវ៉ាល់ បាននិយាយបន្ថែមថា យន្តហោះយោធា “ត្រូវចុះចតជាបន្ទាន់” បន្ទាប់ពីរងការបាញ់ប្រហារជាច្រើនគ្រាប់។ ប៉ុន្តែមិនមានអ្នករងរបួសណាមួយពីការវាយប្រហារលើយន្តហោះនោះទេ ហើយកាលពីថ្ងៃសុក្រទី០៦ ខែមករាអាកាសយានដ្ឋានគូលីយ៉ាកាន ក៏បានដំណើរការឡើងវិញផងដែរ៕
រូបភាព៖RT